កាណាដាលែងចង់ទិញយន្តហោះចម្បាំងអាមេរិក ព្រោះខឹងសង្គ្រាមពន្ធលោក Trump
អូតាវ៉ា ៖ នាយករដ្ឋមន្ត្រីថ្មីរបស់កាណាដា លោក Mark Carney ស្នើឱ្យរដ្ឋមន្ត្រីការពារជាតិកាណាដា លោក Bill Blair ពិនិត្យមើលការបញ្ជាទិញយន្តហោះចម្បាំងបំបាំងកាយ F-35 របស់អាមេរិកឡើងវិញ ថាតើអាចមានជម្រើសផ្សេងទៀតដែរឬទេ ដើម្បីសងសឹកនឹងសង្គ្រាមពន្ធរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន AP។
ក្រៅពីកាណាដា ព័រទុយហ្គាល់ក៏កំពុងពិចារណាលើជម្រើសផ្សេងៗ ដើម្បីជំនួសការបញ្ជាទិញយន្តហោះចម្បាំង F-16 របស់អាមេរិកផងដែរ។
កាលពីឆ្នាំ ២០២៣ អតីតនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau ជួបជាមួយអតីតប្រធានាធិបតីអាមេរិក លោក Joe Biden ដើម្បីបង្ហាញការយល់ព្រមទិញយន្តហោះ F-35 ចំនួន ៨៨ គ្រឿងដើម្បីជំនួសយន្តហោះ F-18 របស់កាណាដាដែលមានវ័យចំណាស់។
យ៉ាងណា អ្នកនាំពាក្យក្រសួងការពារជាតិកាណាដា លោក Laurent de Casanove និយាយថា កិច្ចសន្យាទិញយន្តហោះចម្បាំង F-35 របស់ក្រុមហ៊ុន Lockheed Martin បច្ចុប្បន្ននៅតែរក្សាដដែល ហើយកាណាដាប្តេជ្ញាអនុវត្តតាមកិច្ចព្រមព្រៀងស្របច្បាប់ នៃមូលនិធិបញ្ជាទិញយន្តហោះអាមេរិកនេះចំនួន ១៦គ្រឿងដំបូង ដោយការបញ្ជារទិញត្រូវធ្វើទៅតាមដំណាក់កាលរហូតដល់គ្រប់ចំនួន ៨៨គ្រឿង។
រដ្ឋាភិបាលកាណាដាបានចំណាយថវិកាប្រហែល ១៣ ពាន់លានដុល្លារ ដើម្បីបញ្ជាទិញយន្តហោះចម្បាំងអាមេរិក F-35 ដែលនេះជាការវិនិយោគដ៏ធំបំផុត ក្នុងគោលបំណងបង្កើនសមត្ថភាពកងទ័ពអាកាសកាណាដាក្នុងរយៈពេលជាង ៣០ឆ្នាំកន្លងមក។ ហើយការចំណាយសរុបលើការបញ្ជាទិញយន្តហោះ F-35 ត្រូវបានរំពឹងថា នឹងកើនឡើងជិត ៥០ ពាន់លានដុល្លារ៕
ប្រភព ៖ AP ប្រែសម្រួល ៖ ឈឹម ទីណា

