ចិនត្រៀមធ្វើម្ចាស់ផ្ទះការរត់ម៉ារ៉ាតុងមនុស្សយន្តលើកដំបូងរបស់ពិភពលោកខែក្រោយ
ប៉េកាំង ៖ ចិនកំពុងជំរុញឱ្យអ្នកអភិវឌ្ឍមនុស្សយន្តឈានមុខគេទូទាំងប្រទេស បង្កើនការហ្វឹកហាត់ និងរៀបចំមនុស្សយន្តចូលរួមការប្រកួតរត់ប្រណាំងថ្នាក់ជាតិ ខណៈដែលចិនត្រៀមធ្វើជាម្ចាស់ផ្ទះការរត់ពាក់កណ្តាលម៉ារ៉ាតុនមនុស្សយន្តលើកដំបូងរបស់ពិភពលោក ក្នុងសង្កាត់ Daxing ទីក្រុង Beijing នៅថ្ងៃទី១៣ ខែមេសាខាងមុខ ដែលមានទាំងមនុស្ស និងមនុស្សយន្ត។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Interesting Engineering។
ព្រឹត្តិការណ៍នេះបង្កើតឡើងក្នុងគោលបំណងសិក្សាស្វែងយល់ពីល្បឿនរត់ ភាពរហ័សរហួន និងការបង្ហាត់បង្ហាញរបស់មនុស្សយន្ត ដែលវានឹងផ្តល់នូវវិធីសាស្រ្តថ្មី ដើម្បីលើកកម្ពស់បច្ចេកវិទ្យាមនុស្សយន្តរបស់ប្រទេសចិន។ ការរត់ប្រណាំងដែលនឹងរត់ក្នុងចម្ងាយប្រហែល ២១គីឡូម៉ែត្រនេះ ក៏ជាការត្រួសត្រាយផ្លូវទៅរកការធ្វើតេស្តដ៏តានតឹងសម្រាប់វិស័យមនុស្សយន្ត នៅក្នុងការជំរុញផ្នែក Hardware របស់ពួកវា។
បើតាមទីភ្នាក់ងារសារព័ត៌មាន South China Morning Post ការប្រកួតប្រជែងនេះគឺបើកចំហសម្រាប់មនុស្ស និងមនុស្សយន្ត ហើយម្ចាស់ជ័យលាភីលេខមួយនឹងឈ្នះប្រាក់រង្វាន់ជិត ៧០០ ដុល្លារ ដោយមិនគិតថា ជាមនុស្ស ឬមនុស្សយន្តនោះទេ។ ប៉ុន្តែសម្រាប់មនុស្សយន្ត ត្រូវតែជាមនុស្សយន្តម៉ូដែល Casbot’s Casbot 1 និង Magiclab’s Wheat ពីព្រោះមនុស្សយន្តពីរនេះ អាចគ្រប់គ្រងពីចម្ងាយ និងជាមនុស្សយន្តស្វ័យប្រវត្តិ។ មនុស្សយន្តទាំងនោះ ត្រូវតែជាមនុស្សយន្តមានសមត្ថភាពដើរ ឬរត់លើជើងពីរ និងឈរនៅចន្លោះកម្ពស់ពី ០.៥ ទៅ ២ម៉ែត្រ។
ព្រឹត្តិការណ៍នេះបង្ហាញពីការជំរុញរបស់ប្រទេសចិន កំពុងផ្តោតលើការកែលម្អមនុស្សយន្ត និងបច្ចេកវិទ្យាស្វ័យប្រវត្តិកម្ម ដើម្បីដោះស្រាយបញ្ហាប្រឈមនៅក្នុងកម្លាំងការងាររបស់មនុស្ស ដោយបញ្ហាប្រឈមទាំងនេះ អាចរួមមានចំនួនប្រជាជនវ័យចំណាស់ កង្វះកម្លាំងពលកម្ម ឬតម្រូវការដើម្បីបង្កើនផលិតភាព។ លើសពីនេះ ចិនក៏មានគោលបំណងលើកទឹកចិត្តការច្នៃប្រឌិតផ្នែកមនុស្សយន្ត អភិវឌ្ឍបច្ចេកវិទ្យាទំនើប និងរួមបញ្ចូលវាទៅក្នុងឧស្សាហកម្ម ដើម្បីបង្កើនប្រសិទ្ធភាព និងកាត់បន្ថយការពឹងផ្អែកលើកម្លាំងពលកម្មរបស់មនុស្សផ្ទាល់៕
ប្រភព ៖ Interesting Engineering និង South China Morning Post ប្រែសម្រួល ៖ ឈឹម ទីណា
