បុគ្គលិកបរទេសរបស់ VOA ប្រឈមនឹងលែងបានស្នាក់នៅអាមេរិក
បរទេស៖ បុគ្គលិកជាជនបរទេស របស់វិទ្យុសម្លេងសហរដ្ឋអាមេរិក ឬ VOA ប្រឈមនឹងការបញ្ចប់ទិដ្ឋាការស្នាក់នៅ លើទឹកដីអាមេរិក ក្រោយពេលបទបញ្ជា របស់លោក Trump ឲ្យផ្អាកដំណើរការ VOA បានចូលជាធរមាន នេះបើតាមសារអេឡិចត្រូនិក ឬ អ៊ីមែល ផ្ញើទៅកាន់វិទ្យុនេះ ចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន CNA។
ប្រភពបានឲ្យដឹងថា រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump កាលពីថ្ងៃអាទិត្យ បានចាប់ផ្តើមការបញ្ឈប់ការងារទ្រង់ទ្រាយធំ នៅ VOA និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀត ដែលផ្តល់មូលនិធិ ដោយសហរដ្ឋអាមេរិក។ ភ្លាមៗ និយោជិតទាំងអស់ត្រូវឈប់សម្រាក ក្នុងនោះ បុគ្គលិកដែលធ្វើការ លើមូលដ្ឋានកិច្ចសន្យា បានទទួលអ៊ីមែលជូនដំណឹងថា ពួកគេត្រូវបានបញ្ឈប់ នៅចុងខែមីនានេះ។
ផ្អែកតាមការចុះផ្សាយរបស់ CNA ដដែល បញ្ជាក់ថា បុគ្គលិក VOA ភាគច្រើន មិនមែនជាពលរដ្ឋអាមេរិកទេ មានន័យថា ពួកគេទំនងជាពឹងផ្អែកលើការងារ ទើបអាចស្នាក់នៅសហរដ្ឋអាមេរិកបាន ដូច្នេះ ពួកគេអាចនឹងលែងត្រូវបានផ្តល់ទិដ្ឋាការស្នាក់ នៅក្នុងសហរដ្ឋអាមេរិក ឆាប់ៗនេះ ដោយសារតែមិនត្រូវបានអនុញ្ញាតឲ្យចូលអគារធ្វើការ។
គួរបញ្ជាក់ថា VOA ដែលបង្កើតឡើង ក្នុងអំឡុងសង្គ្រាមលោក លើកទី២ ត្រូវបានចាក់ផ្សាយ ជុំវិញពិភពលោកជា ៤៩ភាសា ជាមួយនឹងបេសកកម្ម ទៅកាន់ប្រទេស ដែលគេអះអាងថា គ្មានសេរីភាពសារព័ត៌មាន។
VOA មានបុគ្គលិក ជាង៣,៣០០នាក់ គិតត្រឹមឆ្នាំសារពើពន្ធ ២០២៣ ។ វិទ្យុនេះបានស្នើសុំថវិកា ៩៥០លានដុល្លារអាមេរិក សម្រាប់ឆ្នាំសារពើពន្ធ បច្ចុប្បន្ន។ លោក Trump បញ្ជាឲ្យផ្អាក VOA ដោយអនុវវត្តតាមវិធានការកាត់បន្ថយចំណាយ របស់រដ្ឋាភិបាលសហព័ន្ធ។ ក្រៅពី VOA , ក៏មានការផ្អាកដំណើរការ វិទ្យុសេរីអឺរ៉ុប និង វិទ្យុអាស៊ីសេរី ផងដែរ នេះបើតាម CNA ដដែល៕
ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត
