អ្នកសារព័ត៌មានរុញមីក្រូបុកមុខលោក Trump ពេលសម្ភាសន៍
បរទេស៖ មីក្រូហ្វូនរបស់អ្នកសារព័ត៌មានម្នាក់ ត្រូវបានរុញ ទៅបុកមុខ របស់លោកTrump ដ៏កម្រ ក្នុងពេលផ្តល់កិច្ចសម្ភាសន៍ នៅឯមូលដ្ឋានយោធា Andrews។
យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន Yahoo បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យ ពេលដែល
ប្រធានាធិបតីរូបនេះ កំពុងសួរសំណួរ មានមីក្រូហ្វូនមួយ ត្រូវបានដោល មកប៉ះមុខ ហើយលោក។ លោក Trump បានភាន់ភាំងបន្តិច ហើយសម្លឹងមើលអ្នកកាសែត មួយភ្លែត មុនពេលនិយាយលេងថា «នាងទើបតែធ្វើទូរទស្សន៍ យប់នេះ មែនឬ?។ លោក Trump បន្តសួរថា តើអ្នកកាសែតរូបនេះទើបបានមកយកព័ត៌មានធំ មែនទេ?
អ្នកកាន់ មីក្រូ ត្រូវបានគេឮនិយាយពាក្យថា សុំទោស បន្ទាប់ពីកើតហេតុ។ យ៉ាងណាមិញ គេមិនច្បាស់ពីស្ថាប័នរបស់អ្នកសារព័ត៌មានជាស្ត្រីរូប នោះទេ ប៉ុន្តែ សំណួរ នៅពេលនោះ គឺទាក់ទងការយកចំណាប់ខ្មាំង បន្ថែមទៀត ចេញពីតំបន់ហ្គាហ្សា។
ហេតុការណ៍នេះបានរីករាលដាល យ៉ាងឆាប់រហ័ស និងបានប្រមូលនូវប្រតិកម្មជាច្រើន។ អ្នកខ្លះគិតថា ជារឿងកំប្លែង ខណៈអ្នកខ្លះទៀត មើលឃើញថា ជាសញ្ញា នៃការមិនគោរព។
លោក Charlie Kirk ស្ថាបនិក និងជានាយកប្រតិបត្តិអង្គការមិនរកប្រាក់ចំណេញ Turning Point USA បានសរសេរ នៅក្នុងសារបង្ហោះនៅលើបណ្តាញសង្គម X ថា លោក ប្រធានាធិបតី បានដោះស្រាយបញ្ហានេះ ដោយទឹកចិត្តសប្បុរស៕
ប្រភពពី Yahoo ប្រែសម្រួល៖ សារ៉ាត
