បណ្តាកុងស៊ុលកិត្តិយសអឺរ៉ុបនៅកម្ពុជា ១១ប្រទេស សរសើរចំពោះការអភិវឌ្ឍ និងកត្តាសន្តិសុខ របស់កម្ពុជា
(ភ្នំពេញ)៖ បណ្តាកុងស៊ុលកិត្តិយសអឺរ៉ុបនៅកម្ពុជា ១១ប្រទេស បានវាយតម្លៃដោយសុទិដ្ឋិយម និងសរសើរចំពោះការអភិវឌ្ឍន៍ និងភាពរីកចម្រើន រួមទាំងកត្តាសន្តិសុខរបស់ប្រទេសកម្ពុជា ។ បណ្តាកុងស៊ុលកិត្តិយសអឺរ៉ុបនៅកម្ពុជា លើកឡើងដូចនេះ ក្នុងឱកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ដឹកនាំដោយ លោកបណ្ឌិត Salah A Essa កុងស៊ុលកិត្តិយស នៃសាធារណរដ្ឋស៊ីប (Cyprus) ប្រចាំនៅកម្ពុជា ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា ក្នុងឱកាសនោះ លោក Salah Essa ដែលជាតំណាងកិត្តិយស បានអបអរសាទរ សម្ដេចតេជោ ដែលបានទទួលតួនាទី ជាប្រធានព្រឹទ្ធសភា និងបង្ហាញនូវក្តីរីករាយ ចំពោះការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ កាលនៅជានាយករដ្ឋមន្ត្រី និងភាពរីកចម្រើនរបស់កម្ពុជា មកដល់ពេលនេះ ដែលដឹកនាំបន្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ។

សម្ដេចតេជោ បានរំលេចអំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ជាមួយនឹងប្រទេសទាំង១១ ជាពិសេស គឺផ្ដោតទៅលើ ការធ្វើពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ឱ្យមានការកើនឡើងបន្ថែមទៀត ដែលជាការចង់បានរបស់ប្រទេសកម្ពុជា ។ សម្ដេចតេជោ ក៏ចង់ឲ្យប្រទេសទាំង១១នោះ ជួយបន្ថែមទៀតដល់កម្ពុជា មិនត្រឹមតែក្នុងក្របខណ្ឌ នៃហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលកម្ពុជា ចង់បាននោះ គឺការបណ្ដុះបណ្ដាលធនធានមនុស្ស ឱ្យមានភាពល្អប្រសើរ និងកើនឡើងបន្ថែមទៀត ។
នៅក្នុងឱកាសនោះដែរ លោក Salah Essa បានលើកឡើងថា លោកនឹងខិតខំប្រឹងប្រែងជាមួយ តំណាងនៃកុងស៊ុលកិត្តិយសទាំង១០រូបទៀត ក្នុងការធ្វើយ៉ាងណា ឱ្យការធ្វើវិនិយោគ ពាណិជ្ជកម្ម អភិវឌ្ឍន៍សេដ្ឋកិច្ច និងទេសចរណ៍រវាងប្រទេសកម្ពុជា ជាមួយបណ្ដាប្រទេសទាំង ១១ មានការរីកចម្រើន បន្ថែមទៀត ជាពិសេស លោកនឹងខិតខំប្រឹងប្រែង ក្នុងការទាក់ទាញអ្នកវិនិយោគក្នុងចំណោមប្រទេសទាំង១១នោះ មកវិនិយោគ ធ្វើពាណិជ្ជកម្ម ឬបង្កើត នូវទេសចរណ៍ក្នុងប្រទេសកម្ពុជា ឱ្យកាន់តែច្រើន ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ ចំពោះការលើកឡើងរបស់ប្រតិភូ កុងស៊ូកិត្តិយស ដែលបានជួបសម្ដេច នៅក្នុងឱកាសនេះ ហើយសម្ដេច បានមានប្រសាសន៍ថា កម្ពុជា រងចាំធ្វើការជាមួយនឹង បណ្ដាស្ថាប័ន ក៏ដូចជា បណ្ដានៃប្រទេសទាំង១១នោះ ធ្វើយ៉ាងណា ជំរុញនូវវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគ ឱ្យកាន់តែល្អប្រសើរ ។
សម្ដេចតេជោ ក៏បានចែករំលែកអំពីបញ្ហាពិភពលោក ដែលកំពុងកើតមានដូចជា៖ បញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បញ្ហាសង្គ្រាមពាណិជ្ជកម្មជាដើម ដែលចាំបាច់ឱ្យភាគីទាំងអស់ ត្រូវធ្វើរួមគ្នា ក្នុងកិច្ចសហប្រតិបត្តិការរវាងគ្នាបន្ថែមទៀត ដើម្បីប្រយោជន៍ នៃបណ្ដាប្រទេសទាំងសងខាង ទាំងតំបន់ ក៏ដូចជាពិភពលោកដែរ ៕





អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ