សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ លើកទី១
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ លើកទី១ ស្តីពី “កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០២៥” ដែលបានប្រារព្ធធ្វើនៅសណ្ឋាគារសុខាភ្នំពេញ និងតាមរយៈប្រព័ន្ធ Zoom នៅតាមសាលារាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌនីមួយ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ។ វេទិកាលើកទី១នេះ ធ្វើឡើងក្នុងគោលបំណងរួមគ្នាវាយតម្លៃអំពីវឌ្ឍនភាព បញ្ហាប្រឈម កំណត់ដំណោះស្រាយ និងការតម្រង់ទិសផ្នែកគោលនយោបាយសម្រាប់សម្រួចការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ។
ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប. អំពីកិច្ចដំណើរការនៃការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានឱ្យដឹងថា វេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពី “កំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០” ត្រូវបានរៀបចំឡើងក្រោមគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។ កិច្ចដំណើរការរៀបចំវេទិកានេះ អនុវត្តទៅតាមជំហានសំខាន់ៗ បី រួមមាន៖
ជំហានទី១៖ ការរៀបចំវេទិកានៅថ្នាក់ក្រោមជាតិ ដែលជំហាននេះត្រូវរៀបចំនៅថ្នាក់ឃុំ សង្កាត់ នៅថ្នាក់ក្រុង ស្រុក ខណ្ឌ និងនៅថ្នាក់រាជធានី ខេត្តនីមួយៗ។ ជំហានទី២៖ ការរៀបចំកិច្ចប្រជុំរបស់អនុគណៈកម្មាធិការនានានៃគ.ជ.អ.ប. និងការរៀបចំ កិច្ចប្រជុំគ.ជ.អ.ប. និង ជំហានទី៣៖ ការរៀបចំវេទិការវាងរាជរដ្ឋាភិបាលនិងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបាន និងកំពុងប្រព្រឹត្តទៅយ៉ាងអធិកអធមនាពេលនេះ។
ក្នុងជំហាននីមួយៗផ្តោតលើការពិនិត្យ និងពិភាក្សាលើប្រធានបទសំខាន់ៗចំនួន៧ ដែលពាក់ព័ន្ធនឹងរដ្ឋបាលថ្នាក់ក្រោមជាតិ រួមមាន៖ ១. ការរៀបចំរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងនីតិវិធីការងារ, ២. ស្ថានភាពនៃការផ្ទេរ និងការអនុវត្តមុខងារ, ៣. ស្ថានភាពនៃការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស, ៤. ការគ្រប់គ្រង ការប្រើប្រាស់ធនធានហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរដ្ឋ, ៥. ទំនាក់ទំនងការងារ និងខ្សែគណនេយ្យភាពផ្ទៃក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ និងរវាង រដ្ឋបាលថ្នាក់ក្រោមជាតិជាមួយស្ថាប័នថ្នាក់ជាតិ និងជាមួយប្រជាពលរដ្ឋ, ៦. ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន និង, ៧. ការគាំទ្រ តាមដាន ត្រួតពិនិត្យ វាយតម្លៃ ការធ្វើអធិការកិច្ច និងសវនកម្ម ។
ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានបន្តថា ដើម្បីធានាដល់ការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិស្របតាម គោលការណ៍ ខ្លឹមសារ និងជំហាននានាដែលបានកំណត់ គ.ជ.អ.ប.បានសហការរៀបចំយន្តការ គាំទ្រ បណ្តុះបណ្តាល តាមដាន ត្រួតពិនិត្យ និងតម្រង់ទិសដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដំណើរការរៀបចំវេទិកានេះ។ រដ្ឋបាលឃុំ សង្កាត់ រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលរាជធានី ខេត្តទូទាំងប្រទេស បានរៀបចំរបាយការណ៍បូកសរុបលទ្ធផលការងារសម្រាប់រយៈពេល៣ឆ្នាំ (២០២១-២០២៣) សម្រាប់ជាមូលដ្ឋានរៀបចំកិច្ចប្រជុំ និងវេទិកាដោយមានការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធ ដើម្បី ត្រួតពិនិត្យ វាយតម្លៃទៅលើលទ្ធផលការងារ និងបញ្ហាប្រឈម ព្រមទាំងបានកំណត់នូវវិធានការ ចាំបាច់នានាសម្រាប់ដោះស្រាយបញ្ហាប្រឈមដែលរដ្ឋបាលរបស់ខ្លួនបានជួបប្រទះ ។
ឯកឧត្តម អភិសន្តិបណ្ឌិត បានបញ្ជាក់ថា ផ្អែកលើមូលដ្ឋាននេះ ក្នុងរយៈពេល៣ឆ្នាំ (២០២១-២០២៣) កន្លងមកនេះ រដ្ឋបាលថ្នាក់ក្រោមជាតិបានបំពេញមុខងារ និងការទទួលខុសត្រូវរបស់ខ្លួនសម្រេចបានសមិទ្ធផលជាច្រើន រួមមាន ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមតាមមូលដ្ឋាននីមួយៗ ការផ្តល់សេវាសាធារណៈដែលជាសេវាតម្រូវការ និងសេវាសំណូមពរនានារបស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន និងសមធម៌សង្គម ជាពិសេស សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ និងសេវាសង្គមគាំពារដល់ការលើកកម្ពស់ សុខុមាលភាព និងជីវភាពរបស់ប្រជាពលរដ្ឋ ជាពិសេសគ្រួសារក្រីក្រ គ្រួសាររងគ្រោះនិង ងាយរងគ្រោះ ជនមានពិការភាព ស្ត្រី និងកុមារ ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត នានានៅមូលដ្ឋាន ដូចជា ការសាងសង់ ការជួសជុល ការថែទាំផ្លូវថ្នល់ ស្ពាន លូ ប្រឡាយ ប្រព័ន្ធធារាសាស្ត្រ សួនច្បារ អគារសាលារៀន និងសំណង់សិល្បការ្យផ្សេងៗទៀតដែលជាតម្រូវការ នៅមូលដ្ឋាន ៕






អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ