តំបន់ប្រតិបត្តិការសឹករងកំពង់ធំបើកវគ្គហ្វឹកហ្វឺនបំប៉នលំហាត់របៀបរយៈពេលខ្លី
សៀមរាប៖វគ្គហ្វឹកហ្វឺនបំប៉នលំហាត់របៀបរយៈពេលខ្លី និងពង្រឹងការអនុវត្តសេចក្តីណែនាំលេខ០០៣/២០២០ សណន របស់ក្រសួងការពារជាតិស្តីពីវិធានការពង្រឹងអនុវត្តន៍លក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ(ខ. ភ. ម) បទវិន័យទូទៅសម្រាប់ ខ.ភ.ម. និងលំហាត់របៀបនៃខ.ភ.ម.បានប្រារព្ធបើកនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ កាលពីព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២៥ ។
លោកអនុសេនីយ៍ឯក ឈា ពិសិដ្ឋ នាយការិយាល័យហ្វឹកហ្វឺនបានឱ្យដឹងថា វគ្គនេះមានរយៈពេល ៧ ថ្ងៃ ដោយមានសិក្ខាកាមចូលរួម ១០០នាក់ ,គណៈកម្មការគ្រប់គ្រងវគ្គ៥នាក់ និងគ្រូយោធាចារ្យ ៣នាក់។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំបានអរគុណការិយាល័យហ្វឹកហ្វឺន ដែលបានសហការល្អជាមួយការិយាល័យ ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ រៀបចំដំណើរការហ្វឹកហ្វឺននេះឡើង និងជាត្រៀមលក្ខណៈ ដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នៅពេលដ៏ខ្លីខាងមុខនេះ៕
ដោយ៖ ប៊ុន រដ្ឋា