អ្នកវិភាគ៖ រដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ គឺក្រុមសេនាប្រមុខ លន់ នល់ យកបញ្ហាទឹកដីជាឈ្នាន់, បច្ចុប្បន្នក្រុមប្រឆាំងយកបញ្ហាទឹកដីក្នុងការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់

ភ្នំពេញ៖ អ្នកវិភាគបានថ្លែងថា ប្រសិនបើកម្ពុជាមិនមានការធ្វើរដ្ឋ​ប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ព្រះប្រមុខរដ្ឋ ដោយក្រុមសេនាប្រមុខ លន់ នល់ និងទ្រង់ សិរីមតៈ នាថ្ងៃទី១៨ មីនា ១៩៧០ និងមិនមានការលូកដៃពីបរទេសកកូរកកាយកិច្ចផ្ទៃក្នុងពីមហាអំណាច កម្ពុជាមិនធ្លាក់ចូលក្នុងរបបប្រល័យពូជសាសន៍នោះទេ។ ការធ្វើរដ្ឋប្រហារទម្លាក់សម្តេច សីហនុ គឺគេយកបញ្ហាទឹកដី ដោយចោទប្រកាន់សម្តេចព្រះ នរោត្តម សីហនុ លក់ទឹកដី ហើយដូចរាល់ថ្ងៃនេះ គឺក្រុមប្រឆាំងគេបញ្ជេះបំផុសអំពីបញ្ហាទឹកដីក្នុងការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

លោក ជា ច័ន្ទបរិបូរណ៍ អ្នកវិភាគបានឱ្យដឹងទៀតថា នៅក្នុងពាក់កណ្តាលទសវត្ស ៦០ ស្ថានភាពពេលនោះថ្វីត្បិតមានសន្តិភាព ប៉ុន្តែមានឧទ្ទាមប្រដាប់អាវុធដោយមានការលូកដៃពីបរទេសគាំទ្រ។ នៅក្នុងប្រវត្តិសាស្ត្រកម្ពុជាមិននឹងទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ព្រះប្រមុខរដ្ឋ គឺមានប៉ុនប៉ងទិញ ទិញមិនបាន ក៏មានការធ្វើឃាតសម្តេចព្រះ នរោត្តម សីហនុ រហូតដល់ទៅ២លើកទៅទៀត តែមិនបានសម្រេច។ រហូតដល់ថ្ងៃទី១៨ មីនា ១៩៧០ គឺទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ពីព្រះប្រមុខរដ្ឋ ហើយនៅថ្ងៃទី៩ តុលា ប្រកាសបង្កើតនូវរបបសាធារណរដ្ឋខ្មែរដែលមានសេនាប្រមុខលន់ នល់ ជាប្រមុខ។

លោកបន្តថា នៅក្នុងដំណាក់កាលនោះ និងសាកគិតត្រឡប់ថយក្រោយវិញ ប្រសិនបើកម្ពុជាមិនមានការធ្វើរដ្ឋប្រហារ មិនមានការលូកដៃពីបរទេសកកូរកកាយកិច្ចផ្ទៃក្នុងពីមហាអំណាច កម្ពុជាមិនធ្លាក់ចូលក្នុងរបបប្រល័យពូជសាសន៍។ យើងពិចារណាតទៅទៀត បើសិនជាយើងមើលដំណាក់កាលនោះ តើគេយកបញ្ហាអី ដើម្បីយកមកធ្វើជាឈ្នាន់បំផ្ទុះនៅក្នុងការធ្វើរដ្ឋប្រហារ គឺបញ្ហាទឹកដី ដោយចោទប្រកាន់សម្តេចព្រះ នរោត្តម សីហនុ លក់ទឹកដី។ បើសិនបើយើងទាញត្រឡប់មកវិញថា ដូចរាល់ថ្ងៃអ៊ីចឹង គឺក្រុមប្រឆាំងគេបញ្ជេះបំផុសអំពីបញ្ហាទឹកដី។ ក៏ប៉ុន្តែបើយើងមើលតាំងពីកាលដែលចោទសម្តេចព្រះ នរោត្តម សីហនុ អំពីការលក់ទឹកដីឱ្យយួន ហើយមកដល់បច្ចុប្បន្ននេះ ថាបាត់បង់ទឹកដី ហើយចោទប្រកាន់មកលើគណបក្សប្រជាជនកម្ពុជា មកលើថ្នាក់ដឹកនាំកំពូលថា កាត់ទឹកដីឱ្យយួន តែមើលទៅទឹកដីនៅតែជាទឹកដីដដែលអត់មានបាត់ទៅណាទេ។ នៅប៉ុនអតីតកាលដដែល។ ពួកអ្នកដែលទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ក៏យករឿងទឹកដីមកនិយាយ ហើយឥឡូវនេះ ក្រុមរបស់ដែលបន្តមកគឺ សម រង្ស៊ី ក៏យកបញ្ហាទឺកដីមកបំផុសយកមកធ្វើជាឈ្នាន់ ហើយចោទប្រកាន់លើរាជរដ្ឋាភិបាលផងដែរ។

លោក ជា ច័ន្ទបរិបូរណ៍ បានបញ្ជាក់ថា នៅក្នុងសម័យតេជោ វាខុសអំពីសម័យសង្គមរាស្ត្រនិយម ខុសត្រង់ថាសម្តេចព្រះ នរោត្តម សីហនុ សម័យសង្គមរាស្ត្រនិយម គឺមានឧទ្ទាមប្រដាប់អាវុធដែលជាកម្ទេចភ្លើងមួយ ដែលជាចរន្តមួយដែលងាយនឹងបង្កទៅជាបញ្ហាសង្គ្រាមបញ្ហាផ្តាច់ខ្លួនបញ្ហារដ្ឋប្រហារ។ ប៉ុន្តែដោយឡែកបច្ចុប្បន្ននេះ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គឺមានសន្តិភាព ដោយគ្មានឧទ្ទាមប្រដាប់អាវុធ។ ចំណុចកន្លែងនេះ គឺជាចំណុចខ្លាំងមួយអាចនិយាយបានថា ជាចំណុចកំពូល ចំណុចកំពូលនៃសន្តិភាព គឺប្រទេសមួយឥតមានឧទ្ទាមប្រដាប់អាវុធ តាមរយៈនយោបាយឈ្នះ ឈ្នះ គឺប្រមូលផ្តុំបញ្ចប់ទាំងអស់រួមរស់ជាមួយរាជរដ្ឋាភិបាល។

អ្នកវិភាគរូបនេះបានសង្កត់ធ្ងន់ថា ទោះបីពួកគេបច្ចុប្បន្ននេះ ពួកទាយាទ ពូជក្បត់បីជំនាន់ឆ្កឹះឆ្កៀលយ៉ាងណាក៏ដោយក៏មិនអាចផ្តួលរំលំរាជរដ្ឋាភិបាលបានដែរ ដោយសារការដឹកនាំដ៏ប៉ិនប្រសព្វ ជាមគ្គុទ្ទេសក៏ឯកនៃសន្តិភាពជំហរដ៏រឹងប៉ឹង គឺសម្តេចតេជោ ហ៊ុន សែន គ្រឹះ គឺគណបក្សប្រជាជនកម្ពុជា។ កន្លែងត្រង់ហ្នឹងហើយដែលពួកទាំងអស់នោះមិនអាចមកធ្វើអ្វីបានទេ។ សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជានាំឱ្យមានសន្តិភាព និងការអភិវឌ្ឍន៍ប្រជាជនរស់នៅសុខសាន្តពីមួយថ្ងៃទៅមួយថ្ងៃ សមិទ្ធផលកាន់តែចម្រើនកើនឡើង។

សូមរម្លឹកថា ថ្ងៃទី១៨ ខែមីនា គឺជាខួបទី៥៥ នៃរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ព្រះប្រមុខរដ្ឋ ដោយក្រុមសេនាប្រមុខ លន់ នល់ និងទ្រង់ សិរីមតៈ។ ថ្ងៃនេះ កាលពី ៥៥ឆ្នាំមុន កម្ពុជាដ៏កំសត់បានឈានជើងមកដល់មាត់ជ្រោះមរណៈដ៏សែនអាក្រក់បំផុតក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។ សង្រ្គាម ការទម្លាក់គ្រាប់បែក អំពើហិង្សា អសន្តិសុខបានមកញាំញីប្រជាពលរដ្ឋគ្មានស្រាកស្រាន្ត។ ក្រោយរដ្ឋប្រហារ ១៨ មីនា កង់ប្រវត្តិសាស្រ្តបានខិតជិតទៅរកមហាសោកនាដកម្មដ៏គួរឱ្យសោកសង្រែងជាទីបំផុត ដែលយើងមិនធ្លាប់ស្គាល់។ អំពើប្រល័យពូជសាសន៍ ការសម្លាប់រង្គាល ទារុណកម្ម និងការងារដោយបង្ខំ បានសម្លាប់ប្រជាជនអស់ជិត៣លាននាក់ ត្រឹមរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ៕
ដោយ៖ពលជ័យ

ads banner