យុទ្ធសាស្រ្តកៀរគរចំណូល ដែលរាជរដ្ឋាភិបាល ទើបដាក់ឱ្យអនុវត្ត ផ្តោតទៅលើអភិក្រមចំនួន៥ ដែលអ្នកវិនិយោគចង់បាន

(ភ្នំពេញ)៖ ឯកឧត្តម គង់ វិបុល បានលើកឡើងថា យុទ្ធសាស្រ្តកៀរគរចំណូលរយៈពេលមធ្យម ២០២៤-២០២៨ ដែលរដ្ឋាភិបាល បានដាក់ឱ្យអនុវត្តពេលថ្មីៗនេះ នឹងបង្កើតបរិយាកាសអំណោយផល ដល់សកម្មភាពសេដ្ឋកិច្ច និងជំរុញសកម្មភាពពាណិជ្ជកម្ម ដោយផ្តោតទៅលើអភិក្រមចំនួន៥ ។

ឯកឧត្តម គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងដូច្នេះ ក្នុងសិក្ខាសាលា ស្តីពីកាតព្វកិច្ចពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ និងបច្ចុប្បន្នភាពច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ស្តីពីពន្ធដារ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងបណ្តាក្រុមហ៊ុននានាទាំងជាតិ និងអន្តរជាតិ ដែលកំពុងធ្វើធុរកិច្ចនៅកម្ពុជា ។

អ្នកឧកញ៉ា គិត ម៉េង បានកោតសរសើរចំពោះការផ្លាស់ប្តូរ ឌីជីថលរបស់ GDT ដោយកត់សម្គាល់ថា អគ្គនាយកដ្ឋានពន្ធដារ ដើរតួនាទីជាគំរូសម្រាប់កិច្ចសហការរវាងរាជរដ្ឋាភិបាល និងឯកជន និងបានជំរុញឱ្យអង្គភាពអាជីវកម្ម ចូលរួមយ៉ាងសកម្មជាមួយនឹងគោលនយោបាយ និងបទប្បញ្ញត្តិពន្ធ ដើម្បីធានាបាននូវប្រព័ន្ធពន្ធដារ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ដែលគាំទ្រដល់ការអភិវឌ្ឍជាតិ ។

ឯកឧត្តម គង់ វិបុល បានបញ្ជាក់ថា នៅក្នុងយុទ្ធសាស្រ្ត កៀរគរចំណូល រយៈពេលមធ្យម ២០២៤-២០២៨ ដែលបានកែទម្រង់ និងបានដាក់ឱ្យអនុវត្ត រាជរដ្ឋាភិបាលបានផ្តោតទៅលើអភិក្រមចំនួន៥ រួមមាន ៖ ទី១. ធានាកំណើនសេដ្ឋកិច្ច បង្កើតបរិយាកាស អំណោយផលដល់សកម្មភាពសេដ្ឋកិច្ច ជំរុញសកម្មភាពពាណិជ្ជកម្ម ។ ទី២. មិនបង្កើតពន្ធថ្មី និងមិនដំឡើងអត្រាពន្ធនោះទេ លើកលែងតែអាករពិសេសមួយចំនួន ដែលរដ្ឋាភិបាលគិតថា ទំនិញនោះជាទំនិញដែលប៉ះពាល់ដល់សុខភាព ដូចជាថ្នាំជក់ជាដើម។ ទី៣. ពង្រឹងយន្តការឆ្លើយតបជាមួយអ្នកជាប់ពន្ធ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងពង្រឹងអភិក្រមចំពោះមន្រ្តីប្រមូលពន្ធ ពោលគឺត្រូវពង្រឹងឱ្យមានប្រសិទ្ធភាព ក្នុងការបម្រើសេវាដល់អ្នកជាប់ពន្ធ ដោយប្រើនូវបច្ចេកវិទ្យាព័ត៌មាន តាមរយៈការបន្តធ្វើទំនើបកម្មបន្ថែមទៀត ក្នុងការបម្រើផ្តល់សេវា។ ទី៤.រៀបចំវិធានការដែលមានចរិក បង្កើនចំណូល ប៉ុន្តែមិនបង្កឱ្យមានវិធានការទំនាស់សេដ្ឋកិច្ច និង ទី៥. ជំរុញការចូលរួមពីវិស័យឯកជន ។ អភិក្រមទាំងនេះ គឺជាអ្វីដែលអ្នកវិនិយោគ និងអ្នកធ្វើអាជីវកម្មទាំងឡាយចង់បាន ។

ឯកឧត្តមអគ្គនាយកពន្ធដារ បានបញ្ជាក់ថា កាលពីមុន អគ្គនាយកដ្ឋានពន្ធដារ បានទទួលប្រាក់បង់ពន្ធតែនៅតាមសាខាពន្ធដារ និងរដ្ឋបាលសារពើពន្ធប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ យើងទទួលបង់ប្រាក់ពន្ធតាមប្រព័ន្ធធនាគារ ដែលក្នុងនោះ គឺមានធនាគារវីង របស់អ្នកឧកញ៉ា គិត ម៉េង មួយដែរ ដែលបានចុះកិច្ចសហប្រតិបត្តិការ ជួយប្រមូលចំណូលឲ្យរដ្ឋ ដើម្បីផ្តល់ភាពងាយស្រួល ទៅដល់អ្នកជាប់ពន្ធជារូបវន្តបុគ្គល និងស្ថាប័ននានា ក្នុងការបំពេញកាត្វកិច្ចបង់ពន្ធនៅទូទាំងប្រទេសកម្ពុជា ដោយមិនមានការយកកម្រៃសេវាបន្ថែមនោះឡើយ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner