កម្ពុជា-ថៃ រួមគ្នាជំរុញវិស័យទេសចរណ៍ និងពាណិជ្ជកម្ម

បន្ទាយមានជ័យ´៖ មន្រ្តីជាន់ខ្ពស់នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ និងមន្រ្តីការទូតនៃប្រទេសថៃបានយល់ស្របគ្នាក្នុងការធ្វើសកម្មភាពនានាបម្រើឱ្យវិស័យទេសចរណ៍នៃប្រទេសទាំងពីរ ដែលមាន​ព្រំដែន​ជាប់គ្នា។

បន្ទាយមានជ័យ ជាខេត្តភាគខាងលិចប្រទេស ដោយមាន​ព្រំដែន​ជាប់នឹងប្រទេសថៃ ។ឆ្នាំ២០២៥ ក៏ជាខួប​៧៥ឆ្នាំនៃ​ចំណងការ​ទូតរវាងប្រទេសទាំងពីរ។ នៅសាលាខេត្ត​កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ក្នុងសវនាការរួមរវាង ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យជាមួយ ឯកឧត្តម ទុល ត្រៃសូរ៉ាត់ ( Tull TRAISORAT ) ឯកអគ្គរាជទូតថៃប្រចាំ​កម្ពុជា វិស័យទេសចរណ៍​និងពាណិជ្ជកម្ម​បានក្លាយជាប្រធានបទក្នុងកិច្ចសន្ទនា​។

មន្រ្តីនៃប្រទេសទាំងពីរយល់ដូចគ្នាថា វិស័យទេសចរណ៍ជាវិស័យ​អាទិភាព ខណៈតួលេខមូលនៃ​លំហូរចរាចរ​ជនជាតិថៃ​និងភ្ញៀវ​អន្តរជាតិ ដែលបានឆ្លងចេញចូលប្រទេសថៃនិងកម្ពុជាតាម​ច្រក​ទ្វារព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនាពេលកន្លងមក​មាន​ប្រមាណ​ជាង​២លាននាក់ ។មន្រ្តីជាន់ខ្ពស់ទាំងពីរបានអះអាងនូវការ​អនុវត្ត​គោលដៅរួម គឺ​ជំរុញ​កំណើនភ្ញៀវពី៣លានទៅ៤លាន​នាក់​សម្រាប់​ពី​ពេលនេះ និងបន្តទៅមុខ។

ឯកឧត្ដម ទុល ត្រៃសូរ៉ាត់ បានបញ្ជាក់ពីទិសដៅរួមគ្នានេះ ពីព្រោះ វិស័យ​ទេសចរណ៍​ក៏ជាផ្នែកមួយ​យ៉ាងសំខាន់​ក្នុង​វិស័យពាណិជ្ជ​កម្មផងដែរ ។ជាប្រភពចំណូលដោយមិនប្រើទុនច្រើន។ចំណុច​នេះឯកឧត្តម អ៊ុ រាត្រី អភិបាល​ខេត្ត​បន្ទាយ​មានជ័យបានគាំទ្រ និងបានបញ្ជាក់ថា វិស័យទេសចរណ៍ ជាឧស្សាហកម្មគ្មានផ្សែង​ហើយក៏ជាប្រភពចំណូលថវិកា​ជាតិ​យ៉ាងសំខាន់ទៀតផង។

ជាការកត់សម្គាល់ខេត្តបន្ទាយមានជ័យជាខេត្តមានតំបន់ទេសចរណ៍ច្រើនគួរសម ហើយក៏ជាខេត្តត​ភ្ជាប់​ទៅកាន់តំបន់អង្គរ​ខេត្តសៀមរាប ។

ខែមករា ឆ្នាំ២០២៥ កន្លងទៅច្រកអន្តរជាតិប៉ោយប៉ែត មានភ្ញៀវ​អន្តរជាតិ​ចូលតាមច្រកនេះចំនួន១៨៣.៦៣៩នាក់ និងភ្ញៀវទេសចរ​ចេញចំនួន១៨៦.២២១នាក់៕
ដោយ៖គៀន ច័ន្ទហ៊ីន

ads banner