លោក Trump ថា នឹងនិយាយជាមួយលោក Putin ថ្ងៃនេះ
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និយាយថា លោកនឹងជជែកជាមួយមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃអង្គារនេះ ដោយផ្តោតសំខាន់លើការបញ្ចប់សង្រ្គាមរុស្ស៊ី និង អ៊ុយក្រែន។
លោក ត្រាំ បានប្រាប់អ្នកកាសែតនៅលើយន្តហោះប្រធានាធិបតី Air Force One យ៉ាងដូច្នេះថា ខ្ញុំនឹងជជែកជាមួយលោកប្រធានាធិបតី ពូទីន នៅថ្ងៃអង្គារនេះ ព្រោះមានការងារជាច្រើននឹងត្រូវធ្វើនៅចុងសប្តាហ៍។
មេដឹកនាំអាមេរិករូបនេះបន្ថែមថា យើងចង់ដឹងថាតើយើងអាចនាំយកសង្រ្គាមនោះដល់ទីបញ្ចប់បានទេ … ហើយប្រហែលជាយើងអាច ឬ ប្រហែលជាយើងមិនអាច ប៉ុន្តែខ្ញុំគិតថា យើងមានឱកាសល្អណាស់។
លោកប្រធានាធិបតី ត្រាំ បច្ចុប្បន្នកំពុងព្យាយាមបញ្ចុះបញ្ចូលបុរសខ្លាំងរុស្ស៊ី លោក ពូទីន ឲ្យទទួលយកសំណើបទឈប់បាញ់រយៈពេល ៣០ថ្ងៃ ដែលអ៊ុយក្រែនបានទទួលយកកាលពីសប្តាហ៍មុន ខណៈដែលភាគីទាំងពីរកំពុងបន្តការវាយប្រហារគ្នាទៅវិញទៅមក ដោយយន្តហោះដ្រូនក្នុងទ្រង់ទ្រាយធំ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា