រកឃើញក្រុមជ័យលាភីកម្មវិធីប្រកួតតុលាការប្រឌិតកម្ពុជា ជាភាសាខ្មែរឆ្នាំ២០២៥

(ភ្នំពេញ)៖ កម្មវិធីប្រកួតតុលាការប្រឌិតកម្ពុជា ជាភាសាខ្មែររៀបចំឡើងដោយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) និងមានកិច្ចសហការដោយសាកលវិទ្យាល័យប៊ែលធីអន្ដរជាតិក្នុងរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ បានបញ្ចប់ទៅដោយរលូន និងប្រកបដោយផ្លែផ្កាបំផុត។ និស្សិតច្បាប់ទាំង ១២ក្រុម មកពី ៩ សាកលវិទ្យាល័យក្នុងប្រទេសកម្ពុជា បានបង្ហាញអំពីចំណេះដឹងទាក់ទងអង្គហេតុ និងអង្គច្បាប់ការវិភាគ និងអំណះអំណាងកម្រិតស្រាវជ្រាវ និងការប្រើប្រាស់ការស្រាវជ្រាវ ការៀបចំសារណា និងភាពច្បាស់លាស់ ព្រមទាំងភាពជឿជាក់ខ្ពស់ ក្នុងការបកស្រាយ និងការការពារអំណះអំណាងរបស់ខ្លួនដោយប្រើ ច្បាប់ជាតិ យុទ្ធសាស្ត្រច្បាប់អន្ដរជាតិដ៏ប៉ិនប្រសប់នៅក្នុងការប្រកួតតុលាការប្រឌិតឆ្នាំ២០២៥នេះ ។

កម្មវិធីប្រកួតតុលាការប្រឌិតកម្ពុជាឆ្នាំ២០២៥នេះ វគ្គបឋមត្រូវបានរៀបចំនៅក្នុងសាកលវិទ្យាល័យប៊ែលធីអន្ដរជាតិ ហើយវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនិងវគ្គផ្ដាច់ព្រ័ត្រត្រូវបានរៀបចំនៅក្នុងមជ្ឈមណ្ឌលធនធាន អ.វ.ត.ក.។

លទ្ធផលនៃការប្រកួតនេះមាន ជ័យលាភីទី១៖ ក្រុមនិស្សិតច្បាប់មកពីសាកលវិទ្យាល័យជាតិគ្រប់គ្រង
ជ័យលាភីទី២៖ ក្រុមនិស្សិតច្បាប់មកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
មេដាយឯកត្ដជន៖
មេដាយអ្នកថ្លែងការណ៍ល្អបំផុត របស់ភាគី “ព្រះរាជអាជ្ញា” បានទៅលើនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច មេដាយអ្នកថ្លែងការណ៍ល្អលេខ២ របស់ភាគី “ព្រះរាជអាជ្ញា” បានទៅនិស្សិតមកពីសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ មេដាយអ្នកថ្លែងការណ៍ល្អបំផុតរបស់ភាគី “ការពារក្ដី”បានទៅនិស្សិតមកពីសកលវិទ្យាល័យប៊ែលធីអន្តរជាតិ មេដាយអ្នកថ្លែងការណ៍ល្អលេខ២ របស់ភាគី “ការពារក្ដី” គឺបានទៅនិស្សិតមកពីសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ
មេដាយអ្នកថ្លែងការណ៍ល្អបំផុត របស់ភាគី “ដើមបណ្ដឹងរដ្ឋប្បវេណី” បានទៅនិស្សិតចំននួនពីររូប មកពីសាកលវិទ្យាល័យឯកទេសនៃកម្ពុជា មេដាយអ្នកថ្លែងការណ៍ល្អលេខ២ របស់ភាគី “ដើមបណ្ដឹងរដ្ឋប្បវេណី” បានទៅនិស្សិតមកពីសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ។

ឯកឧត្តម ក្រាញ់ តូនី ប្រធានរដ្ឋបាលស្ដីទីនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលបានអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រគល់ពានរង្វាន់នោះបានសម្ដែងការកោតសរសើរចំពោះភាពប៉ិនប្រសប់របស់និស្សិត និងបានអបអរសាទរដល់ជ័យលាភីទាំងអស់។

ឯកឧត្ដមមានប្រសាសន៍ថា ៖ “ខ្ញុំមានសេចក្តីសោមនស្សរីករាយជាអនេក ដែលបានឃើញការចូលរួមយ៉ាងផុសផុលពីសិស្សនិស្សិតមកពីបណ្តាមហាវិទ្យាល័យនានា។

បន្ទាប់ពីការប្រកួតប្រជែងយ៉ាងស្វិតស្វាញរយៈពេល៣ថ្ងៃរួចមក និងឆ្លងកាត់ការវិនិច្ឆ័យផ្តល់ពិន្ទុយ៉ាងសុក្រឹត្យពីសំណាក់ចៅក្រម ដែលសុទ្ធសឹងជាចៅក្រម និងព្រះរាជអាជ្ញា អាជីព ព្រមទាំងជាមេធាវីដែលមានបទពិសោធ យើងទទួលបានក្រុមជ័យលាភ័យដែលប្រកបដោយគុណភាព សម្រាប់ការប្រកួតនេះ។”

ឯកឧត្តមប្រធានរដ្ឋបាលស្ដីទីបន្ថែមថា តាមការសង្កេតរបស់ឯកឧត្តម ការប្រកួតប្រជែងក្នុងរយៈពេលបីថ្ងៃនេះ បានប្រព្រឹត្តទៅដោយរលូន។ នៅក្នុងកម្មវិធីប្រកួតប្រជែងនេះ មានសារណាមួយចំនួន បានដាក់មកដោយខុសទម្រង់ ដូច្នេះហើយសង្ឃឹមថានៅពេលក្រោយ គ្រប់ភាគីនឹងដាក់ឱ្យត្រឹមត្រូវតាមទម្រង់ដែលក្រុមការងារចង់បាន។ ចំណុចមួយទៀត ចំពោះក្រុមដែលមិនបានទទួលជ័យលាភី សូមព្យាយាមនៅឱកាសក្រោយទៀត ដោយសារតែយើងនឹងមានការប្រកួតប្រជែងនៅឆ្នាំក្រោយៗទៀត ដោយត្រូវខិតខំស្រាវជ្រាវបន្ថែម ហើយចាត់ទុកថាការប្រកួតប្រជែងលើកទីមួយនេះ គឺជាការស្វែងរកបទពិសោធថ្មីៗ ។

ឯកឧត្តម តូនី បន្ថែមទៀតថា អ.វ.ត.ក. បានរៀបចំបង្កើតកម្មវិធីប្រកួតតុលាការប្រឌិតកម្ពុជា ជាភាសាខ្មែរ នេះឡើង គឺដើម្បីជំរុញដល់សិស្សនិស្សិតច្បាប់ និងអ្នកស្រាវជ្រាវ ចូលមកសិក្សាសា្រវជ្រាវឯកសារសំណុំរឿង និងយុត្តិ
សាស្ត្រល្អៗ នៅមជ្ឈមណ្ឌលធនធានរបស់អ.វ.ត.ក. សម្រាប់បង្កើនចំណេះដឹង និងបទពិសោធផ្ទាល់ខ្លួន ផ្នែកច្បាប់ ជាពិសេសច្បាប់ព្រហ្មទណ្ឌអន្តរជាតិ។

មជ្ឈមណ្ឌលធនធានរបស់អ.វ.ត.ក. បានរក្សាទុកនូវរាល់ឯកសារសំណុំរឿងទាំងជាង ២.៤ លានទំព័រ រូបភាពវីដេអូនៃសវនាការ សៀវភៅច្បាប់ និងសៀវភៅប្រវត្តិសាស្ត្ររាប់ពាន់ក្បាល ព្រមទាំងឯកសារស្រាវជ្រាវជាច្រើនទៀត សម្រាប់បម្រើឱ្យការសិក្សាស្រាវជ្រាវរបស់សិស្សនិស្សិតទាំងអស់ ជាពិសេសនិស្សិតច្បាប់។

ក្នុងកម្មវិធីនេះ មានការចូលរួមពីក្រុមនិស្សិតច្បាប់ចំនួន ១២ក្រុម មកពីសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀខេត្តសៀមរាប សាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ សាកលវិទ្យាល័យឯកទេសនៃកម្ពុជា សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ សាកលវិទ្យាល័យកម្ពុជា និងសាកលវិទ្យាល័យជាតិគ្រប់គ្រង៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner