ប្រាំបួនភូមិ នៅស្រុកព្រះនេតព្រះ​បិទផ្សាយជាសាធារណៈនូវឯកសារ​នៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមាន​លក្ខណៈ​ជា​ប្រព័ន្ធ

អត្ថបទដោយ៖
គន្ធា ឃិន

បន្ទាយមានជ័យ ៖ភូមិចំនួន៩ នៃឃុំចំនួនបី ក្នុថស្រុកព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ ក្នុងនោះមាន ភូមិអន្លង់សា ភូមិកំព្រាម ភូមិបត់​ត្រង់ ភូមិតាអំ ឃុំប្រាសាទ, ភូមិទ្រលោកជើង ភូមិទ្រលោកលិច ភូមិទ្រ​លោកត្បូង ភូមិកំបោរ ឃុំភ្នំលៀប និងភូមិជូនប្រែង ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ត្រូវបានបិទផ្សាយជាសាធារណៈនូវឯកសារនៃការ​វិនិច្ឆ័យ លើការចុះ​បញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២៥ ដោយមានការអញ្ជើញចូលរួមពីលោក លៀម សុដា អភិបាលរងខេត្តបន្ទាយមានជ័យ។ការបិទផ្សាយនេះក្រោយ​ពីមន្រ្តីជំនាញនៃមន្ទីររៀបចំដែនដីបញ្ចប់ការចុះវាស់វែងរួចរាល់។

លោក ពិន សុវណ្ណា រិទ្ធ តំណាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យបាន​បញ្ជាក់​ពីនីតិវិធី​នៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធមាន៥ដំណាក់កាល ៖១-ត្រៀមរៀបចំ គឺជាការកំណត់តំបន់ធ្វើការវិនិច្ឆ័យ ការបង្កើត​គណៈ​កម្មការរដ្ឋបាលការជូនដំណឹងកិច្ចប្រជុំផ្សព្វផ្សាយ និងដំណើរការ​ផ្សព្វផ្សាយអំពីការចុះបញ្ជីដីធ្លីមាន​លក្ខណៈជាប្រព័ន្ធ។ ២-ប្រតិបត្តិការបច្ចេកទេស គឺជាការចុះកំណត់ព្រំ វាស់វែង និងវិនិច្ឆ័យ ដើម្បីកសាងប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី។ ៣-បិទផ្សាយ​ជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ មានប្លង់សុរិយោដី និងបញ្ជី​ឈ្មោះម្ចាស់ដី រយៈពេល១៥ថ្ងៃ ដើម្បីឱ្យម្ចាស់ដី និងអ្នកដែលពាក់ព័ន្ធ​ធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសារ និងក្បាលដីរបស់ខ្លួន ព្រមទាំង​ធ្វើការតវ៉ាក្នុងករណីមានការខុសឆ្គង។៤-សម្រេចលើឯក​សារ​វិនិច្ឆ័យ របាយការណ៍ពីលទ្ធផលនៃការបិទផ្សាយ​ជាសាធារណៈ​នូវឯកសារ នៃការវិនិច្ឆ័យរបស់គណៈកម្មការរដ្ឋបាល ធ្វើការបូកសរុប និងធ្វើសំណើទៅ ឯកឧត្តម អភិបាល​ខេត្ត ដើម្បីពិនិត្យ និងបញ្ជូនបន្ត​ទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពិនិត្យ និងសម្រេចជូនអ្នកកាន់​កាប់​​ណាដែលបានបំពេញគ្រប់លក្ខខណ្ឌ​តាមច្បាប់កំណត់ និងពុំមានទំនាស់។ ៥-ចុះបញ្ជីចេញបណ្ណនិងចែក​បណ្ណជូន​ម្ចាស់ដី។

លោក លៀម សុដា អភិបាលរងខេត្តបន្ទាយមានជ័យមានប្រសាសន៍ រាល់ភារកិច្ចដែលមន្ទីរ អាចសម្រេចបានជោគជ័យ​កន្លងមក គឺអាស្រ័យ​មានការចូលរួមការគាំទ្រ និងមានការសហការពីអាជ្ញាធរមូលដ្ឋានគ្រប់​លំដាប់ថ្នាក់ អង្គភាពពាក់ព័ន្ធ ពិសេសមានការដឹកនាំចង្អុលបង្ហាញ និងផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់។

លោកបន្តថា ក្នុងខេត្តបន្ទាយមានជ័យ មានក្បាលដីប៉ាន់ស្មានប្រមាណចំនួន ៦៨៨ ២២៧ ក្បាលដី និងបានចុះបញ្ជី​ចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុរួច ចំនួន ៣១៣ ៤២៥ ក្បាលដី។ ដោយឡែកស្រុកមង្គលបូរី មានក្បាលដី​ប៉ាន់ស្មានប្រមាណចំនួន ១០៧ ០៦៤ ក្បាលដី បានបញ្ចប់ការវាស់វែង និងកំពុង​ប្រមូលទិន្នន័យបានចំនួន ៩៤ ៦៣៤ ក្បាលដី និងបានចុះបញ្ជី ចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុរួចចំនួន ៧៧ ១២៥ក្បាលដី៕


ដោយ៖ឃិន គន្ធា

ads banner