ខេត្តកំពង់ធំប្រារព្ធប្រឡងចូលរៀនពុទ្ធិកមធ្យមសិក្សាបឋមភូមិ
កំពង់ធំ៖មន្ទីរធម្មការ និងសាសនាខេត្តកំពង់ធំកាលពីថ្ងៃទី១៨ ខែមីនា បានប្រារព្ធសម័យប្រឡងចូលរៀនពុទ្ធិកមធ្យមសិក្សាបឋមភូមិ (អនុវិទ្យាល័យ) នៅវត្តឥន្រ្ទីយ៍សំវរៈ ហៅ វត្តកំពង់ធំ ស្ថិតក្នុងសង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ដោយមានការចូលរួមកាត់វិញ្ញាសាពីលោក អ៊ុង វុទ្ធី អភិបាលរងខេត្តកំពង់ធំតំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ, ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះមេគណខេត្ត, លោក ឈួន ល័ក្ខ ប្រធានប្រតិភូក្រសួងធម្មការ និងសាសនា និង លោក តាន់ តៃជ្រាន់ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ធំ។
សម្រាប់ការប្រឡងឆ្នាំនេះ មាន បេក្ខសមណសិស្សចំនួន ១៨៥អង្គ ដែលជាសមណសិស្សនិមន្តមកពីក្រុងស្រុកនានានៃខេត្តកំពង់ធំ និងខេត្តជិតខាង។មណ្ឌលប្រឡងមាន ៨ បន្ទប់ប្រឡង ។
ក្នុងឱកាសនេះលោក អ៊ុង វុទ្ធី បានលើកទឹកចិត្តដល់បេក្ខសមណសិស្សឱ្យខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ក្នុងការប្រឡងគ្រប់វិញ្ញាសានិងគោរពច្បាប់ប្រឡងឱ្យបានម៉ឹងម៉ាត់៕
ដោយ៖ប៊ុនរដ្ឋា



