ភ្ជាប់សរសៃឈាមសេដ្ឋកិច្ច នៅឃុំព្រែកនរិន្ទ និងឃុំព្រៃចាស់
បាត់ដំបង៖ផ្លូវដីល្បាយក្រួសមួយខ្សែប្រវែងជិតបីគីឡូម៉ែត្រ ,ទទឹង៨ម៉ែត្រនិងព្រមទាំងលូប្រអប់ចំនួនបីកន្លែង ស្ថិតនៅភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ត្រូវបានបើកការដ្ឋានសាង់សង់នៅដើមសប្ដាហ៍នេះក្រោមវត្តមានចូលរួមពីឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទតំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។នេះជាការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធជនបទដ៏សំខាន់ ដែលនឹងចូលរួមបង្កើនចំណូលគ្រួសារប្រជាជននៅទីនេះដោយផ្ទាល់ និងប្រជាជននៃតំបន់ដទៃដោយប្រយោល ។

នាយកដ្ឋានស្ថាបនានិងវិស្វកម្មអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ បានទទួលសាងសង់ផ្លូវដីល្បាយក្រួសមួយខ្សែនេះ ។ ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទតំណាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដែលអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានបានលើកឡើងពីសារសំខាន់នៃការសាងសង់ផ្លូវនេះ ។គឺជាផ្លូវអាទិភាពបម្រើដល់សេដ្ឋកិច្ចជាលក្ខណៈអន្តរឃុំ ដោយតភ្ជាប់ទៅកាន់ឃុំព្រៃចាស់ ស្រុកឯកភ្នំ ដែលជាចរន្តសេដ្ឋកិច្ចក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅទីនេះ។

ឯកឧត្តមបានបន្ថែមថា នេះក៏ជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការស្តារឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធជនបទក្រោមពាក្យស្លោក”មានផ្លូវ មានក្តីសង្ឃឹម” ។ ផ្លូវគឺជាសរសៃឈាមសេដ្ឋកិច្ចជាតិ រួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ។

សន្តិភាព ក៏ជាកាលានុវត្តន៍នៃការកសាងហេដ្ឋារចនាសម្ព័ន្ធ ។ឯកឧត្តមរដ្ឋលេខាធិការបានគូសរំលេចថា សមិទ្ធផលដែលយើងកំពុងទទួលបាននៅថ្ងៃនេះ គឺដោយសារប្រទេសជាតិមាន “សុខសន្តិភាព” ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អគ្គមគ្គុទ្ទេសក៍ស្ថាបនិកឯក បិតាសន្តិភាព ប្រទេសកម្ពុជា និងបន្តវេនដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបច្ចុប្បន្ន៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.

