ក្រោយបាត់វត្តមានជាង២០ ឆ្នាំ សត្វក្រពើភ្នំពូជសុទ្ធ ១០ក្បាល ត្រូវបានយកទៅលែងក្នុងឧទ្យានជាតិវរៈជ័យ

រតនគិរី៖​ អង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា ក្រសួងបរិស្ថាន ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលថ្នាក់​ក្រោមជាតិបានរួម​គ្នាលែងសត្វក្រពើភ្នំពូជសុទ្ធ ១០ក្បាល​ នៅដែនឧទ្យានជាតិវីរៈជ័យ​ ស្ថិតក្នុងខេត្តរតនគិរី បន្ទាប់ពី​សត្វប្រភេទបានបាត់វត្តមានអស់រយៈ​ពេលជាង ២០ឆ្នាំកន្លងមក។

ជាការរំលឹកឡើងវិញ ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ អ្នកជំនាញ​បានសិក្សាវាយតម្លៃអំពីប្រភេទទីជម្រកសមស្រប ហើយបានរក​ឃើញ​តំបន់ដាច់ស្រយាលជាមួយនឹងលក្ខខណ្ឌជម្រកដ៏ល្អបំផុត សម្រាប់​ប្រភេទ​ក្រពើភ្នំ​នៅឧទ្យាន​ជាតិវីរៈជ័យ ហើយឧទ្យានជាតិនេះធ្លាប់​មានវត្តមានក្រពើភ្នំធម្មជាតិរស់នៅតាំងពីយូរយារណាស់មកហើយ។

អ្នកជំនាញពន្យល់ថា ដូច្នេះកិច្ចខិតខំប្រឹងប្រែង ដើម្បីស្តារវត្តមាន​សត្វក្រពើប្រភេទនេះនៅក្នុងតំបន់នេះ អាចនឹងទទួល​បានជោគជ័យ។​ ជាមួយនឹងការលែងនេះ ក៏បានប្រើបច្ចេកវិទ្យាចុងក្រោយ ដោយប្រើ​ឧបករណ៍​កត់ត្រាសំឡេង​ដើម្បី​តាមដានការបម្លាស់ទី និងការរស់រាន​មានជីវិតរបស់សត្វក្រពើភ្នំ ដែលជាការផ្តល់នូវទិន្នន័យដ៏មាន​សារសំខាន់​​ក្នុងការងារ​អភិរក្ស និងស្តារវត្តមានក្រពើភ្នំ។

សូមជម្រាបថា បច្ចុប្បន្ន​សត្វក្រពើភ្នំពូជសុទ្ធជិត​ ២០០ក្បាល ត្រូវបាន​លែងចូលទៅក្នុងទីជម្រកធម្មជាតិដាច់ស្រយាល​ពី​មនុស្សរស់នៅ និង​មានសុវត្ថិភាពនៅតំបន់ជួរភ្នំក្រវាញ ភាគនិរតី នៃប្រទេសកម្ពុជា​និងមាន​សម្បុកពងកូនចំនួន៦០ក្បាល ត្រូវបានរកឃើញនៅក្នុង​តំបន់​ជួរភ្នំក្រវាញ​ ៕
ដោយ៖ឡុង សំបូរ

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner