ឯកឧត្តមឧបនាយករដ្ឋមន្រ្តី នេត សាវឿន៖កំណែទម្រង់ទាក់ទងនឹង​វិស័យសន្តិសុខ​ផ្តោត​លើគោលដៅ៣សំខាន់

កំពង់ចាម៖ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី​និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង​ញៀន នៅ​រសៀល​ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធី​បិទវគ្គបណ្តុះបណ្តាលកម្រិត​បឋមវិជ្ជាជីវៈ​នគរ​បាលជំនាន់ទី១៨ លើកទី៣នៅសាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម ។

ក្នុងឱកាសនេះឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយក​រដ្ឋមន្ត្រីមានប្រសាសន៍ថា ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ​បញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការ​ដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រសួង​មហាផ្ទៃបាន​ដាក់​ចេញនូវកម្មវិធីកំណែទម្រង់ច្បាស់​លាស់​ទាក់ទង​នឹងវិស័យសន្តិសុខ ។

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន​ បន្តថា កំណែទម្រង់ច្បាស់លាស់​នេះ ​ផ្តោត​លើគោលដៅ៣សំខាន់ៗគឺ៖ ទី១.ការបណ្តុះ​បណ្តាល​ដើម្បី​ពង្រឹងសមត្ថភាពវិជ្ជាជីវៈកងកម្លាំង​នគរបាលជាតិ​ក្នុងការ​បម្រើជាតិ និងប្រជាពលរដ្ឋឱ្យបាន​កាន់តែល្អ​ប្រសើរ ,ទី២. ការពង្រឹងសមត្ថភាព និងបន្តជំរុញវឌ្ឍនភាពបណ្ឌិត្យ​សភា​នគរបាលកម្ពុជានិងសាលានគរ​បាល​ជាតិភូមិភាគ​នានានិង ទី៣.ការបំពាក់សម្ភារៈ ឧបករណ៍ទំនើបៗ​និងមធ្យោបាយ​គ្រប់គ្រាន់សម្រាប់គាំទ្រដល់កិច្ចប្រតិបត្តិការ និងការ​បំពេញភារកិច្ចប្រចាំថ្ងៃរបស់មន្ត្រីនគរបាលជាតិ។

ទន្ទឹមនេះដែរឯកឧត្តមសន្តិបណ្ឌិត បានកោតសរសើរបណ្ឌិត្យ​សភានគរបាលកម្ពុជា និងសាលានគរបាលជាតិ​ភូមិភាគ២ ដែលមានការអភិវឌ្ឍគួរឱ្យកត់សម្គាល់៕
ដោយ៖លី ពៅ

ads banner