FBI បើកការស៊ើបអង្កេតភេរវកម្ម ក្រោយឆេះឃ្លាំង​ឡាន លោក Elon Musk​ ​

បរទេស៖ ការិយាល័យស៊ើបការណ៍សម្ងាត់នៃរដ្ឋាភិបាលសហព័ន្ធ របស់អាមេរិក ហៅកាត់ FBI បានចាត់ទុក ការលួចដុតឃ្លាំងឡានអគ្គិសនី Tesla នៅទីក្រុង Las Vegas កាលពីពាក់កណ្តាលអាធ្រាត ឈាងចូលព្រឹកថ្ងៃពុធនេះ គឺជាអំពើភេរវកម្មធ្ងន់ធ្ងរ នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន The Guardian។

FBI ចាត់ទុកជាភេរវកម្ម ខណៈដែលខ្លួនកំពុងស៊ើបអង្កេតលើករណីលួចដុតឃ្លាំងឡាន Tesla ដូចគ្នាបែបនេះ ចំនួន៣លើក ផ្សេងទៀត នាពេលថ្មីៗនេះ។ ការឆេះឃ្លាំងឡាន របស់លោក Elon Musk ជាបន្តបន្ទាប់ បានមានកើតឡើង ស្របពេលដែលមានការផ្ទុះបាតុកម្មតវ៉ាប្រឆាំងនឹងរូបលោក Musk ដែលបានដឹកនាំនាយកដ្ឋានប្រសិទ្ធិភាពរដ្ឋាភិបាល កាត់បន្ថយចំណាយដ៏លើសលុប នាំឲ្យមានការព្យួរតំណែងបុគ្គលិកសហព័ន្ធ រាប់ម៉ឺននាក់។

សម្រាប់ហេតុការណ៍ចុងក្រោយនេះ ប៉ូលីស Las Vegas បានរៀបរាប់ប្រាប់ថា បើផ្អែកតាមកាំមេរ៉ាសុវត្ថិភាព គេឃើញមានបុរសម្នាក់ ស្លៀកឆុតខ្មៅ ចូលទៅក្នុងឃ្លាំង Showroom ភ្លាមៗ នៅវេលាម៉ោងប្រមាណ ២.៤៥ ទៀបភ្លឺ មុនពេលឡានត្រូវបានភ្លើងឆាបឆេះ បំផ្លិចបំផ្លាញអស់ យ៉ាងតិច៥គ្រឿង។ ប៉ូលីសសង្ស័យថា ជនសង្ស័យបានបាញ់កាំភ្លើង ៣គ្រាប់ ចូលទៅក្នុងរថយន្ត Tesla ទៀតផង។ លោក Spencer Evans ភ្នាក់ងារពិសេស ដែលសហការជាមួយក្រុមការងារភេរវកម្មរួម របស់ FBI បាននិយាយថា ដំបូងឡើយ មានការសង្ស័យថា គ្រាន់តែជាអគ្គិភ័យធម្មតា ប៉ុន្តែ ពេលនេះ ត្រូវបានចាត់ទុក ជាករណីអំពើភេរវកម្មធ្ងន់ធ្ងរ។

ជាមួយគ្នានេះ លោក Elon Musk ដែលជានាយកប្រតិបត្តិ នៃក្រុមហ៊ុន Tesla ក៏បានចាត់ទុកករណីឆេះឃ្លាំង នៅ Las Vegas ជាសកម្មភាពអំពើភេរវកម្ម ផងដែរ។ តាមរយៈបណ្តាញសង្គម X លោក Musk បង្ហាញពីការសោកស្ដាយ ដោយអះអាងថា ក្រុមហ៊ុននេះ បង្កើតនូវផលិតផលដ៏អស្ចារ្យ ដែលមនុស្សគ្រប់គ្នាចូលចិត្ត ហើយមិនដែលប៉ះពាល់ ដល់នរណាម្នាក់ទេ ដូច្នេះ នេះគឺជាស្អប់មកលើរូបលោក។ រីឯ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយ ក្នុងពេលមានវត្តមានជាមួយលោក Musk ថា អំពើហិង្សាដែលបានកើតមាន លើឃ្លាំងឡាន Tesla គឺជាអំពើភេរវកម្មក្នុងស្រុក ដោយលោកអះអាងថា នឹងបញ្ឈប់ជាបន្ទាន់ ព្រោះសកម្មភាពទាំងនេះ កំពុងផ្តល់ការឈឺចាប់ ដល់អ្វីដែលលោកហៅថា ជាក្រុមហ៊ុនអាមេរិក ដ៏អស្ចារ្យ៕

ប្រភពពី The Guardian ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner