អង់គ្លេសកាត់ទោសក្រុមអ្នកលួចបង្គន់មាស១៨ការ៉ាត់ ក្រោយបំបែកលក់អស់រលីង
បរទេស៖ តុលាការអង់គ្លេស កាលពីថ្ងៃអង្គារ បានសម្រេចឲ្យបុរសពីរនាក់ ឲ្យមានទោស ពីបទលួចបង្គន់មាសទំហំ ១៨ការ៉ាត់ ដែលគេដាក់នាម បង្គន់ «America» យកទៅបំបែកលក់ យកលុយចាយអស់ កាលពី៥ឆ្នាំមុន នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
សិល្បៈបង្គន់នេះគឺជាកម្មសិទ្ធិរបស់ផ្ទះមួយនៅអង់គ្លេស ហើយ ត្រូវបានលួចពីទីតាំងដាក់តាំងបង្ហាញ នៅវិមាន Blenheim ដោយកាលណោះ ត្រូវបានគេផ្តល់តម្លៃ ៣.៥លានដុល្លារ។ តែក្នុងពេលនោះ ត្រូវបានចោរឆ្មក់ចូលលួច ត្រឹមរយៈពេល៥នាទី។
តុលាការអង់គ្លេស Oxford Crown បានសម្រេចឲ្យបុរសពីរនាក់មានទោស ម្នាក់ឈ្មោះ Michael Jones អាយុ ៣៩ឆ្នាំ ពីបទចលួច និងម្នាក់ទៀត ឈ្មោះ Frederick Doe អាយុ៣៦ ពីបទឃុបឃិត ក្នុងការផ្ទេរទ្រព្យសម្បត្តិទ្រព្យសម្បត្តិព្រហ្មទណ្ឌ។ ក្នុងសំណុំរឿងនេះ ក៏ធ្លាប់មានជនសង្ស័យម្នាក់ទៀត ឈ្មោះ James Sheen អាយុ៤០ឆ្នាំ ធ្លាប់បានសារភាពថា ចូលរួមសកម្មភាពលួចផងដែរ។ ក្នុងចំណោមពួកគេទាំងបីនាក់ ឈ្មោះ Michael Jones នឹងត្រូវសម្រេចលើកម្រិតទោស នៅថ្ងៃទី១៩ ខែឧសភា ខណៈដែលជនសង្ស័យ២នាក់ទៀត នឹងត្រូវប្រកាសពីកាលបរិច្ឆេតបញ្ជាក់ពីកម្រិតទោស នៅពេលក្រោយទៀត។
អយ្យការ Shan Saunders បាននិយាយថា «នេះគឺជាការវាយឆ្មក់ដ៏ក្លាហាន ដែលត្រូវបានគ្រោងទុក និងប្រតិបត្តិយ៉ាងប្រុងប្រយ័ត្ន ប៉ុន្តែ បានបន្សល់ទុកនូវភស្តុតាង ជាទម្រង់នៃការធ្វើកោសល្យវិច្ច័យ តាមរយៈខ្សែវីដេអូ CCTV និង ទិន្នន័យពីទូរស័ព្ទ។ ប្រភពបន្ថែមថា មាសទាំងអស់ មិនត្រូវបានរកឃើញវិញទេ ដោយសង្ស័យថា ត្រូវបានបំបែក ឬ រំលាយ ហើយលក់ចេញភ្លាមៗ ហើយបញ្ជាក់ថា ការកាត់ទោសនេះបានដើរតួនាទីដ៏សំខាន់ ក្នុងការទប់ស្កាត់បណ្តាញឧក្រិដ្ឋកម្ម និង ការលាងលុយ។
គួរបញ្ជាក់ថា សិល្បៈបង្គន់មាសនេះ ត្រូវបានបង្កើឡើងដោយសិល្បករជនជាតិអ៊ីតាលី នៅឯផ្ទះដ៏ប្រណិត ក្នុងសតវត្សរ៍ទី១៨ ដែលជាកន្លែងកំណើតរបស់អតីត នាយករដ្ឋមន្ត្រីអង់គ្លេសសម័យសង្គ្រាម ឈ្មោះ Winston Churchill។ ពិរុទ្ធជន Michael Jones បានអះអាងថា គេធ្លាប់បានប្រើប្រាស់បង្គន់ នេះ នៅថ្ងៃដែលរូបគេលួចយកទៅ ដោយបានសារភាពប្រាប់តុលាការ «ពិតជាអស្ចារ្យ»៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត