រុស្ស៊ី-អ៊ុយក្រែនបញ្ជាDroneវាយប្រហារ​គ្នា ​ក្រោយ​Trump និង ​Putin ដាក់ទូរស័ព្ទចុះ

បរទេស៖ រុស្ស៊ីនិងអ៊ុយក្រែនបានបញ្ជាយន្តហោះគ្មានមនុស្សបើក ឬ Drone បើកការវាយប្រហារតាមផ្លូវអាកាសដាក់គ្នា ទៅវិញទៅមក បន្ទាប់ពីការជួបសន្ទនាតាមទូរស័ព្ទ រវាងលោក Putin និង លោក Trump កាលពីយប់ថ្ងៃអង្គារ។

ផ្អែកតាមទីភ្នាក់ងារព័ត៌មាន BBC ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា ក្រោយជំនួបចប់រួច ត្រឹមប៉ុន្មានម៉ោង រុស្ស៊ីបានបញ្ជា Drone ចំនួន៤០គ្រឿងទៅបំផ្លិចបំផ្លាញ មន្ទីរពេទ្យ និង ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់អ៊ុយក្រែន។ ការវាយប្រហារនេះ បានកើតមានឡើង បន្ទាប់ពី លោក ពូទីន យល់ព្រមបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល ក្នុងពេលជួបលោក ត្រាំ។ លោក Zelensky បាននិយាយថា «វាគឺជាប្រភេទនៃការវាយប្រហារ នៅពេលយប់ បង្កឡើងដោយរុស្ស៊ីដូចរាល់ដង ដែលធ្លាប់តែបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងសម្លាប់ជីវិតប្រជាជនអ៊ុយក្រែន។ លោកបានគូសបញ្ជាក់ថា លោក ពូទីន បានច្រានចោលសំណើសុំបទឈប់បាញ់ ពេញលេញ។

រីឯ មន្ត្រីនៅក្នុងតំបន់ Krasnodar ភាគខាងត្បូង នៃប្រទេសរុស្ស៊ីវិញ បាននិយាយថា យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន បានវាយប្រហារមកលើរុស្ស៊ី បង្កឱ្យមានអគ្គីភ័យ នៅឯឃ្លាំងប្រេង មួយកន្លែង។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា យន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែនចំនួន ៥៧គ្រឿង ត្រូវបានស្ទាក់ចាប់ និងបំផ្លាញ ពេញមួយយប់ ក្នុងនោះ ៣៥គ្រឿង បានឆ្លងកាត់តំបន់ព្រំដែន Kursk ។

នៅទីក្រុង Belgorod របស់រុស្ស៊ី ជាប់ព្រំដែនជាមួយអ៊ុយក្រែន ត្រូវបានអភិបាលក្រុងអះអាងថា កងកម្លាំងអ៊ុយក្រែនបានប៉ុនប៉ងវាយប្រហារលើទីក្រុងមួយនេះ ប៉ុន្តែ ត្រូវបានរុញច្រាន ទៅវិញ៕

ប្រភពពី BBC ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner