មណ្ឌលសុខភាពពាមកោះស្នា កសាងដោយលោកជំទាវ លាង វួចឆេង ហ៊ុនណង តម្លៃជាង១៤ម៉ឺនដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យបម្រើប្រជាពលរដ្ឋបីឃុំ
កំពង់ចាម៖បន្ទាប់ពីដំណើរសាងសង់រួចរាល់នូវអគារមណ្ឌលសុខភាពពាមកោះស្នា ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗសម្រាប់បម្រើសេវាសុខាភិបាល ជូនប្រជាជនតាមដងទន្លេយ៉ាងហោចចំនួនបីឃុំ តម្លៃជាង១៤ម៉ឺនដុល្លារអាមេរិក បានប្រារព្ធពិធីសម្ពោធជាផ្លូវការកាលពីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ។

អគារមណ្ឌលសុខភាពពាមកោះស្នា ស្ថិតក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។មណ្ឌលសុខភាពពាមកោះស្នា នឹងត្រូវបានប្រើប្រាស់ជាបង្អែកសម្រាប់ប្រជាពលរដ្ឋ៣ឃុំតាមដងទន្លេ ។ក្នុងនោះមាន ឃុំពាមកោះស្នា ព្រះអណ្តូង និងឃុំខ្ពបតាងួន ។

ជម្រាបជូនគណៈអធិបតី ,ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថា នៅឆ្នាំ២០២៤ក្រោមការយកចិត្តទុកដាក់ពីលោកជំទាវ លាង វួចឆេង ហ៊ុនណង ដោយលោកជំទាវបានមើលឃើញពីការលំបាកក្នុងការផ្តល់សេវា ដោយអគារមណ្ឌលសុខភាព គ្មានបន្ទប់គ្រប់គ្រាន់ សម្រាប់ផ្តល់សេវាសុខាភិបាលជូនប្រជាជន ។ដោយមានបំណងចង់ពង្រីកសេវាឱ្យបានច្រើនបន្ថែមទៀតដើម្បីជាបង្អែកសម្រាប់ប្រជាជននៃបីឃុំ តាមមាត់ទន្លេ មាន ៖ឃុំពាមកោះស្នា ព្រះអណ្តូង និងឃុំខ្ពបតាងួន ទើបលោកជំទាវ លាង វួចឆេង ហ៊ុនណង បានសម្រេចចិត្តសាងសង់អគារថ្មីមួយខ្នង ,ទទឹង ១៣ម៉ែត្រ បណ្តោយ ១៩ម៉ែត្រ មាន ៨បន្ទប់ មានវេរ៉ង់ដាខាងមុខ សម្រាប់រថយន្តគិលានសង្គ្រោះដឹកអ្នកជំងឺឡើង-ចុះ ព្រមទាំង។បានចាក់សាប ទំហំ ២,៦០ម៉ែត្រគុណ ៤,១០ម៉ែត្រ សម្រាប់ដាក់ខ្យុសធ្វើពីដែកប្រក់ក្បឿង ចំនួនមួយខ្នង, ឃ្លាំងដាក់សម្ភារៈមួយខ្នងទំហំ ៣,៦០ម៉ែត្រ គុណ៤ម៉ែត្រ, រោងដាក់ឡានមួយខ្នងទំហំ៥ម៉ែត្រ គុណ៨,២០ម៉ែត្រ, ធ្វើរបងព័ទ្ធជុំវិញមានខ្លោងទ្វារ បំពាក់ស្លាកមណ្ឌលសុខភាព។សរុបចំណាយថវិកា ១៤៥.៦៧៨,៨៩ដុល្លារអាមេរិក ។

តាមរយៈសមិទ្ធផលនេះឯកឧត្តមអភិបាលខេត្តបានណែនាំដល់មន្ទីរសុខាភិបាលខេត្តឱ្យពង្រឹងគុណភាពសេវាវេជ្ជសាស្ត្រអមនិងការធ្វើរោគវិនិច្ឆ័យ និងពង្រីកសេវាបន្ថែម តាមរយៈការរៀបចំបន្ថែមបុគ្គលិកឱ្យបានចំនួន១២នាក់ព្រមទាំង មានវេជ្ជបណ្ឌិតមួយនាក់ប្រចាំការនៅមណ្ឌលសុខភាពនេះផង។

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី បានចាត់ទុកថា ការសាងសង់មណ្ឌលសុខភាពនៅទីនេះ គឺជាគំរូមួយជាវីរភាពមួយ រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការជួយពង្រឹងវិស័យសុខាភិបាល និងវិស័យសុខុមាលភាព ពីព្រោះវិស័យនេះ គឺជាវិស័យអាទិភាព នៅក្នុងកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដីណាក់កាលទីមួយ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន និងប្រតិភូអមដំណើរ បានអញ្ជើញបញ្ជាគ្រឿងចក្របើកការដ្ឋានសាងសង់សំណង់ទ្វារទឹកព្រែកតាយី ស្ថិតក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឱ្យដឹងថា សំណង់ទ្វារទឹកព្រែកតាយីនេះ គឺជាសមិទ្ធផលប្រវត្តិ សាស្ត្រថ្មី ១ទៀត នៅលើទឹកដីឃុំពាមកោះស្នា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ សំណង់នេះ មានលទ្ធភាពស្តុកទឹកប្រមាណ ៤៥០.០០០ម៉ែត្រគីប ដែលមានប្រជាពលរដ្ឋ អ្នកទទួលផលចំនួន ៤ភូមិ គឺ ៖ ភូមិពាមក្នុង ដីលើ ពាមក្រៅ និងភូមិទួលរការ នៃឃុំពាមកោះស្នា ស្មើនឹង ១.៦៤៥គ្រួសារ និងមានលទ្ធភាពស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលដំណាំស្រូវប្រាំងចំនួន ៤២២ហិកតា និងដំណាំរួមផ្សំចំនួន ១២ហិកតា ៕
