ប្រាក់រង្វាន់ជាង ១លាន ២សែនដុល្លារអាមេរិករបស់រាជរដ្ឋាភិបាលត្រូវបានផ្តល់ជូនដល់ម្ចាស់ជ័យលាភីការប្រកួតកម្រិតអាស៊ីអាគ្នេយ៍ ជើងឯកពិភពលោក និងកម្រិតអាស៊ី
(ភ្នំពេញ)៖ ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ស្នើនិងទឹកប្រាក់ដុល្លារអាមរិកចំនួនជាង១លាន២សែនដុល្លារអាមេរិក នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ត្រូវបានផ្តល់ជូនម្ចាស់ជ័យលាភី ដែលដណ្តើមបានមេដាយមាស ប្រាក់ សំរិទ្ធ ពីការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ លើក២១ កីឡាសិស្សមធ្យមអាស៊ីអាគ្នេយ៍លើកទី១៣ ជើងឯកកម្រិតពិភពលោក កម្រិតអាស៊ី និងកម្រិតអាស៊ីអាគ្នេយ៍ ។
ពិធីប្រគល់ទទួលនេះ បានប្រារពធ្វើឡើង នៅមជ្ឈបណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា។
ឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានថ្លែងបញ្ជាក់ថា ប្រភេទកីឡា ដែលដណ្តើមបានមេដាយមានចំនួន ១១ប្រភេទ រួមមាន៖ កីឡាប៉េតង់ ការ៉ាតេ ចំបាប់ កាយសម្ព័ន្ធ កីឡាហែលទឹកពាក់ជើងទា កាយវប្បកម្ម យុទ្ធគុនចម្រុះ វ៉ូវីណាម ជីជីតស៊ូ តេក្វាន់ដូWT និងយូដូ។ ក្នុងនោះមានកីឡាករកីឡាការិនីសរុបចំនួន ១៦៣នាក់ កីឡាករ៩៦នាក់ និងកីឡាការិនី ៦៧នាក់ និងគ្រូបង្វឹក សរុប ៥៣នាក់ .គ្រូបង្វឹកធំចំនួន ២៥ នាក់ និងគ្រូជំនួយ ២៨នាក់ ដោយសរុបរួមទាំងកីឡាករ កីឡាការិនី គ្រូបង្វឹក និង គ្រូជំនួយ សរុបរួម ២១៦នាក់។ ចំពោះថវិការាជរដ្ឋាភិបាលដែលត្រូវបានផ្តល់ជូនម្ចាស់ជ័យលាភីជាការលើកទឹកចិត្តសរុបជាទឹកប្រាក់ចំនួន ៤,៩៨៤,៩០០,០០០ រៀលគត់ បើគិតជាដុលារសរុប ១,២៤៦,២២៥ ដុល្លារអាមេរិក។
ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា បានសម្តែងនូវការវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់កីឡាករកីឡាការិនី និងគ្រូបង្វឹកទាំងអស់ដែលបានប្រឹងប្រែងអស់កម្លាំងចិត្តប្រកួតដណ្តើមបានមេដាយជូនកម្ពុជាពីការប្រកួតកម្រិតអន្តរជាតិ។
ឯកឧត្តម បានរំលេចបន្ថែមទៀតថា ការផ្តល់ការលើកទឹកចិត្តរបស់សម្តេចតេជោកន្លងមកនេះ គឺបានជួយទៅដល់ការលើកទឹកចិត្តឱ្យកីឡាករកីឡាការិនីរបស់យើងខិតខំប្រឹងប្រែង ក្នុងនោះក្រសួងអប់រំយុវជននិងកីឡាក៏បានដាក់ចេញនូវវិធានការកំណែទម្រង់កែលម្អរចនាសម្ព័ន្ធ និងផ្តល់ប្រាក់ឧបត្ថម្ភជូនដល់សហព័ន្ធកីឡាជាតិ ពិសេស ផ្តល់ឱកាសឱ្យកីឡាករកីឡាការិនីបានចេញទៅប្រកួតអន្តរជាតិទាំងក្នុងស្រុកនិងក្រៅស្រុក អ៊ីចឹងហើយទើបធ្វើឱ្យអត្តពលិកយើងមានសមត្ថភាពដណ្តើមបានមេដាយច្រើន ដែលចំនួនមេដាយទទួលបាននេះ លើសថវិកាដែលក្រសួងអប់រំយុវជននិងកីឡាមាន ទើបតម្រូវស្នើសុំបន្ថែមពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយ ថវិកាយូបន្តិចតែគ្រប់ភាគីពាក់ព័ន្ធប្រឹងប្រែងពន្លឿនដើម្បីផ្តល់ជូនម្ចាស់ជ័យលាភី។
ឯកឧត្តម បានបញ្ជាក់ទៀតថា ប្រាក់រង្វាន់តែត្រូវបានផ្តល់ជូនម្ចាស់ជ័យលាភីទាំងអស់គឺការផ្តល់ជូនដោយមានតម្លាភាព ដោយផ្តល់តាមគណនេយ្យម្ចាស់ជ័យលាភីដោយផ្ទាល់លើកលែងតែអ្នកដែលគ្មានគណនេយ្យឬបើកមិនទាន់។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា បានជំរុញឱ្យកីឡាករកីឡាការិនីដែលទទួលបានជ័យលាភីសូមប្រឹងប្រែហ្វឹកហាត់ដុះខាតសមត្ថភាពត្រៀមការប្រកួតអន្តរជាតិនានា ពិសេស គឺស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ក្នុងឆ្នាំ២០២៥ ។ ជាមួយគ្នានោះ ឯកឧត្តម ក៏បានផ្តល់អនុសាសន៍បន្ថែមដល់ថ្នាក់ដឹកនាំសហព័ន្ធកីឡាជាតិត្រូវសម្លឹងមើល និងរៀបចំផែនការឱ្យបានល្អចំពោះអត្តពលិកថ្នាល ត្រូវស្វែងរកធនធានថ្នាលមានសក្កានុពលយកមកហ្វឹកហាត់បំប៉នត្រៀមកីឡាអូឡាំពិកយុវជនអាស៊ីលើកទី៤ ឆ្នាំ២០២៩ ដែលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ។
សូមបញ្ជាក់ដែរថា ១១ប្រភេទកីឡានេះ ដណ្តើមបានមេដាយ គិតចាប់ពីឆ្នាំ២០២៣និង២០២៤ ពីការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ លើកទី២១ កីឡាសិស្សមធ្យមអាស៊ីអាគ្នេយ៍លើកទី១៣ ជើងឯកកម្រិតពិភពលោក កម្រិតអាស៊ី និងកម្រិតអាស៊ីអាគ្នេយ៍ ។ មេដាយសរុបដែលដណ្តើមមានចំនួន ១៦០គ្រឿង មេដាយមាស៣១គ្រឿង ប្រាក់៤៩គ្រឿង និងមេដាយសំរិទ្ធ៨០គ្រឿង សរុបជាទឹកប្រាក់ចំនួន ៤,៩៨៤,៩០០,០០០ រៀលគត់ បើគិតជាដុលារសរុប ១,២៤៦,២២៥ ដុល្លារអាមេរិក៕
រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ





