សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖គោលការណ៍សំខាន់ ៣ ដែលគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ
ភ្នំពេញ៖មានប្រសាសន៍ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈកាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា គោលការណ៍សំខាន់ចំនួន៣ ដែលគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ទទួលបន្ទុកអនុវត្តវិធានការគន្លឹះរបស់រាជរដ្ឋាភិបាល គឺ ១. ការផ្តល់ជាទម្ងន់ និងសារនយោបាយក្នុងការគាំទ្រ ដោយផ្តោតលើការពង្រឹងជាជាងការពង្រីក, ២. ការផ្តល់លទ្ធផលលឿន និង៣.ការទទួលខុសត្រូវ។
ការកែទម្រង់មុខងារសាធារណៈ ពិសេសករណីស្រពិចស្រពិលនៃការវិភាគមុខងារនិងក្របខ័ណ្ឌនៃការជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ នោះ សម្តេចបវរធិបតីបានលើកឡើងថា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការគន្លឹះចំនួន ៣ គឺ ១.ការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារ ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព, ២. ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័នដើម្បីលើកកម្ពស់គុណភាពការងារ ប្រកបដោយវិន័យ សីលធម៌ និងវិជ្ជាជីវៈ, ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព និង ៣. ការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តសមិទ្ធកម្ម ប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព។
សម្ដេចបវរធិបតីបានពន្យល់ថា ចំពោះវិធានគន្លឹះទី១ ស្តីពីការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រី ចូលបម្រើការងារប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព, សម្តេចធិបតីនាយករដ្ឋមន្ត្រី បានពន្យល់ច្បាស់ថា ជាពិសោធន៍ក្នុងការតាមដានគុណផលនៃការជ្រើសរើស តាមរយៈការប្រឡង គឺត្រូវពិនិត្យតាមដំណាក់កាលនីមួយៗ ដូចជា ១. តើមានការលេចចេញវិញ្ញាសាប្រឡងឬទេ?, ២. តើមានព្រឹត្តិការណ៍អ្វីកើតឡើងក្នុងអំឡុងពេលប្រឡងឬទេ? និង ៣. តើមានប្រតិកម្មអ្វីខ្លះ ក្រោយការប្រឡងបានបញ្ចប់?។សម្ដេចបវរធិបតីបន្ថែមថា ជាលទ្ធផល និងគោលបំណងដែលយើងចង់បាន គឺភាពយុត្តិធម៌ និងការជឿទុកចិត្ត។ ដូចនេះ ចំពោះភាពជោគជ័យដែលសម្រេចបាន, សម្តេចបវរធិបតី បានសម្តែងការអរគុណដល់ក្រសួងមុខងារសាធារណៈ ជាពិសេសសាមីខ្លួន ដែលជាបេក្ខជនប្រលង ដែលបានជឿជាក់ និង មកចូលរួមប្រឡង និងអាណាព្យាបាលដែលបានជឿជាក់ និង ជំរុញកូនចៅរបស់ខ្លួនមកចូលរួមប្រឡង ដោយឈរលើ គោលការណ៍ “ការផ្តល់ឱកាសស្មើគ្នា ដើម្បីគ្រប់គ្នា និងជឿទុកចិត្ត”។
វិធានការគន្លឹះទី២ សម្ដេចធិបតីនាយករដ្ឋមន្រ្តីបញ្ជាក់ថា គឺការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័នដើម្បីលើកកម្ពស់គុណភាពការងារ ប្រកបដោយវិន័យ សីលធម៌ និងវិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ដោយត្រូវធានាប្រសិទ្ធភាពក្នុងការបម្រើប្រជាពលរដ្ឋ។ អ្វីដែលរាជរដ្ឋាភិបាលធ្វើការកែទម្រង់ គឺមិនមែនត្រឹមតែកិច្ចការរដ្ឋបាលប៉ុណ្ណោះទេ តែត្រូវធ្វើការកែទម្រង់ ទាំងឯកសារ, មនុស្ស និងរបៀបរបបនៃការដឹកនាំគ្រប់គ្រង ដោយឈរលើអភិក្រម៖ “ការពង្រឹងជាជាងពង្រីក និងការរៀបចំផ្ទះឱ្យរៀបរយ”។ ជាលទ្ធផលសម្រេចបាន ក្នុងការអនុវត្តការកែទម្រង់កន្លងមក គឺធានាបានចំពោះវិស័យមួយចំនួនដែលគ្រោងស្នើពង្រឹង មិនមានការពង្រីករចនាសម្ព័ន្ធ, ប្រើប្រាស់អភិក្រមពង្រឹងដោយមិនពង្រីក, ថែរក្សា និងកែសម្រួលតាមការចាំបាច់ ហើយត្រូវមានការចូលរួមទាំងអស់គ្នា ជាមួយនឹងការលះបង់ខ្ពស់។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់អំពីវិធានការគន្លឹះទី៣ គឺការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តសមិទ្ធកម្ម ប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព, ការជំរុញ និងរៀបចំមេដាយសម្រាប់មន្ត្រីទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំងមន្ត្រីជាប់កិច្ចសន្យា ដោយត្រូវធ្វើឱ្យសុក្រឹត្យ សម្រាប់មន្ត្រីដែលសកម្ម មានស្នាដៃ និងធ្វើការជាប់ជាប្រចាំ ដោយបានណែនាំឱ្យក្រុមការងារចំពោះកិច្ច ទទួលបន្ទុកអនុវត្ត និងរៀបចំមេដាយជូនមន្ត្រីដែលបានធ្វើការចាប់ពី ១០ឆ្នាំឡើងទៅ និង មិនដែលទទួលបានមេដាយសោះ នៅក្របខណ្ឌទូទាំងប្រទេស ។ ក្រុមការងារចំពោះកិច្ចនេះ គឺត្រូវរៀបចំធ្វើតែចំពោះករណីលើកទី១ ប៉ុណ្ណោះ។បន្ទាប់មក គឺត្រូវជូនសិទ្ធិទៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងថ្នាក់ក្រសួងស្ថាប័ន ជាអ្នករៀបចំ ឬស្នើតាមក្របខ័ណ្ឌដែលមានស្រាប់ ៕





ដោយ៖វណ្ណលុក
រូបភាព៖វេង លឹមហួត