អគ្គស្នងការនគរបាលជាតិដាស់តឿនកម្លាំងនគរបាលការពារព្រំដែន ឱ្យសហការជាមួយកងកម្លាំងប្រដាប់អាវុធ ផ្សេងៗទៀត ក្នុងពេលអនុវត្តភារកិច្ច
ព្រះវិហារ៖អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ស ថេត បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខកងកម្លាំងនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគទី៤ និងទី៥ កាលពីរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នៅឃុំស្រអែម ស្រុមជាំក្សាន្ត ខេត្តព្រះវិហារ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនឹងឈានចូលមកដល់នាពេលខាងមុខ។

ក្នុងឱកាសនេះនាយឧត្តមសេនីយ៍ ស ថេត លើកឡើងប្រាប់ដល់កងកម្លាំងនៅទីនោះដោយកត់សម្គាល់នូវសភាពការណ៍ថ្មីៗ ជាពិសេសឧបាយកលទុច្ចរិតរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលនៅចិញ្ចឹមចិត្តប៉ុនប៉ង ផ្ដួលរំលំ រាជរដ្ឋាភិបាល ស្របច្បាប់ តាមមធ្យោបាយផ្សេងៗ ។

ទន្ទឹមនេះនាយឧត្តមសេនីយ៍ ស ថេត បានណែនាំដល់កងកម្លាំងការពារព្រំដែន បន្តរួមគ្នាទប់ស្កាត់បទល្មើសនានា ដែលអាចកើតឡើងនៅតាមព្រំដែន ពិសេសបទល្មើសឆ្លងដែនខុសច្បាប់ និងបទល្មើសគ្រឿងញៀន ។ត្រូវពង្រឹង និងយកចិត្តទុកដាក់ សហការជាមួយបណ្ដាអង្គភាពពាក់ព័ន្ធ និងប្រទេសជាមិត្ត ដើម្បីផ្លាស់ប្ដូរព័ត៌មានគ្នាទៅវិញទៅមក សំដៅបង្ការ ទប់ស្កាត់ និងឈានទៅបង្ក្រាបបទល្មើសឱ្យបានទាន់ពេលវេលា៕
ដោយ៖ឡុង សំបូរ


