ចលនាសិស្សានុសិស្សឱ្យចូលរួមធ្វើអនាម័យ និងបរិស្ថានរស់នៅល្អ

បន្ទាយមានជ័យ៖ រដ្ឋបាលខេត្ត និងមន្ទីរអប់រំ យុវជន និងកីឡា​ខេត្ត​បន្ទាយមានជ័យកាលពីថ្ងៃទី១៩ ខែមីនា​បានសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត អនាម័យ និងប្រគល់​ជំនួយខ្នាត​តូចរបស់​គម្រោងប្រព័ន្ធសិក្សាពីចម្ងាយ នៃគម្រោងសាលាបៃតង ដំណាក់កាល​ទី៤នៅសាលាបឋមសិក្សាទឹកថ្លា។

ក្នុងឱកាសនេះលោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡា​ខេត្តបន្ទាយមានជ័យ បានលើកឡើងថា ​ការ​អប់រំក៏​ដូចជាការ​បំផុស​ចលនាជាប្រចាំឱ្យសិស្សានុសិស្សឬយុវជនចូលរួមធ្វើអនាម័យ បរិស្ថាន​រស់នៅ ទាំងនៅសាលារៀន ក៏ដូច​ជានៅផ្ទះ គឺជួយឱ្យ​សិស្សមានទម្លាប់​រស់នៅស្អាត,​មានអនាម័យ​,ចេះស្រឡាញ់ភាពបៃតង​ស្រស់ឬបរិស្ថាន​ប្រកប​ដោយ​ខ្យល់​អាកាសបរិសុទ្ធ ជាមួយភាពបៃតងនៃការដាំដើម​ឈើជាម្លប់និងដំណាំបន្លែនៅតាមសាលាឬនៅតាមផ្ទះជាដើម។

លោកប្រធានមន្ទីរអប់រំបន្តថា គោលការណ៍សាលាបៃតងជាវិធាន​មួយនៃវិធានការគន្លឹះទាំងបួនរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ទៅលើកិច្ចការអភិវឌ្ឍវិស័យអប់រំ ។ដោយឡែកខេត្តបន្ទាយមានជ័យ​បានចាប់អនុវត្តគោលការណ៍​សាលា​បៃតងនេះចាប់ពីឆ្នាំ២០១៨មក​ដល់២០២៣ទូទាំងខេត្តបាន៥៣សាលា ហើយជាទិសដៅពីឆ្នាំ​២០២៤​ដល់ឆ្នាំ​២០២៦ អនុវត្តបាន២០សាលាទៀត។

លោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ បានបញ្ជាក់​ថា តាមរយៈការជំរុញអនុវត្តសាលាបៃតងនេះ សូមមន្ទីរ និងការិយា​ល័យអប់រំ រដ្ឋបាលក្រុងស្រុក ជាមួយអង្គការដៃគូ បន្តការបំពាក់សម្ភារៈ និងរូបវ័ន្តផ្នែកអនាម័យ ដូចជាបង្គន់អនាម័យ សម្ភារៈលាងសម្អាតដៃ រួមទាំងប្រព័ន្ធទឹកស្អាតមាននៅតាមសាលារៀន ។

សូមជម្រាបថា ហេដ្ឋារចនាសម្ព័ន្ធ អនាម័យប្រគល់ជូនសាលា​ពេល​នេះរួមមាន បង្គន់អនាម័យ ឡដុតសម្រាម កន្លែង​លាងសម្អាតដៃ និងធុងចម្រោះទឹកស្អាតដល់សាលាគោលដៅថ្មីចំនួន២០សាលា និងជំនួយខ្នាតតូចរបស់​គម្រោងប្រព័ន្ធ​សិក្សាពីចម្ងាយចំនួន៤០សាលា ។ជំនួយទាំងអស់ គឺជាអំណោយរបស់អង្គការការីតាសស្វីស ៕
ដោយ៖ គៀន ច័ន្ទហ៊ីន

ads banner