យុទ្ធនាការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមថ្នាលឌីជីថលនៅសៀមរាប
សៀមរាប៖ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍និងគណៈកម្មាធិការ សម្របសម្រួលការអភិវឌ្ឍ សេដ្ឋកិច្ចក្រៅប្រព័ន្ធ សហការជាមួយរដ្ឋបាលខេត្តសៀមរាប និងសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជាបានរៀបចំ យុទ្ធនាការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមថ្នាលឌីជីថល។

យុទ្ធនាការនេះប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២៥ ក្រោមវត្តមានឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍និងប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាបព្រមប្រជាពលរដ្ឋដែលជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួនជាង ៣ ៥០០ នាក់។

ឯកឧត្តម ប្រាក់ សោភ័ណ បានលើកឡើងថា ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាវិធីសាស្ត្រសំខាន់ក្នុងការបង្កើនការគាំពារនិងការពង្រឹងសមត្ថភាពសេដ្ឋកិច្ច។ ការចុះឈ្មោះនឹងជួយធានាឱ្យមានភាពរឹងមាំ និងអាចប៉ាន់ប្រមាណបាន ក្នុងវិស័យអាជីវកម្ម ការវិនិយោគ និងការចិញ្ចឹមជីវិត។ ការចុះឈ្មោះនេះក៏ជាផ្នែកមួយនៃ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី ៧ ដែលផ្ដោតលើ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។
ឯកឧត្តមបន្ថែមថា សេដ្ឋកិច្ចក្រៅប្រព័ន្ធមិនមែនជាសេដ្ឋកិច្ចខុសច្បាប់ទេ តែជាមុខរបរដែលមិនទាន់បានចុះបញ្ជីជាផ្លូវការទេ។ ដូច្នេះការចុះឈ្មោះនឹងជួយពង្រឹងសេដ្ឋកិច្ចជាតិ និងធ្វើឱ្យប្រជាជនទទួលបានការគាំពារជាច្បាស់លាស់។
ឯកឧត្តម ឡី សុភាព ប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជាបានឱ្យដឹងថា គិតត្រឹមថ្ងៃទី ១៧ ខែមីនា មានអ្នកស្នើសុំចុះឈ្មោះចំនួន ៣៣ ៨០៤ នាក់ ក្នុងនោះមាន៖កម្មករ-និយោជិតចំនួន ១ ៨៥៥ នាក់,សហគ្រាសធុនមីក្រូចំនួន ១ ១៦៩ ក្រុមហ៊ុន,បុគ្គលស្វ័យនិយោជន៍ចំនួន ៣០ ៧៨០ នាក់។
ខេត្តសៀមរាបស្ថិតនៅលេខរៀងទី ៧ ក្នុងចំណោមខេត្តទាំងអស់ដែលមានការចុះឈ្មោះច្រើនបំផុត៕
ដោយ៖ប៊ុនរដ្ឋា

