ភ្លើងសង្គ្រាមដ៏ក្តៅគគុកនៅមជ្ឈិមបូព៌ា ជំរុញតម្លៃប្រេងស្ទុះឡើង

វ៉ាស៊ីនតោន ៖ ភ្លើងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាបានឆេះរោលរាលខ្លាំងឡើង នៅពេលអ៊ីស្រាអែលបង្កើនការវាយលុកក្រុមហាម៉ាស់ និង អាមេរិកប្តេជ្ញាកម្ទេចក្រុមហ៊ូទី ដែលនាំឱ្យតម្លៃប្រេងបានហក់ឡើង ក្នុងកំលុងការជួញដូរនៅថ្ងៃព្រហស្បតិ៍នេះ ចំពេលស្តុកប្រេងឆៅអាមេរិកធ្លាក់ចុះ។

តម្លៃប្រេងឆៅប្រភេទ Brent ឡើងថ្លៃ ៤០សេន ឬ ០,៥៧ភាគរយ ដល់ ៧១,១៨ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោង ២ និង ១៣នាទីថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងតំបន់) ស្របពេលដែលប្រេងឆៅប្រភេទ West Texas Intermediate (WTI) របស់អាមេរិក កើនឡើង ៣៤សេន ឬ ០,៣១ភាគរយ ដល់ ៦៧,៥០ដុល្លារក្នុងមួយបារ៉ែល។

តម្លៃប្រេងបានហក់ឡើងបន្ទាប់ពីទិន្នន័យរបស់រដ្ឋាភិបាលអាមេរិក បានបង្ហាញពីការធ្លាក់ចុះខ្ពស់ជាងការរំពឹងទុក នៅក្នុងសារពើភ័ណ្ឌប្រេងចម្រាញ់សម្រាប់សប្តាហ៍មុន។ សារពើភ័ណ្ឌប្រេងចម្រាញ់ ដែលរួមមានប្រេងម៉ាស៊ូត និងប្រេងកំដៅ បានធ្លាក់ចុះ ២,៨លានបារ៉ែលកាលពីសប្តាហ៍មុន ជាតួលេខច្រើនជាងការរំពឹងទុកដែលធ្លាក់ចុះត្រឹម ៣០០.០០០បារ៉ែល នៅក្នុងការស្ទង់មតិរបស់កាសែតរ៉យទ័រ។

ហានិភ័យហក់ឡើងតម្លៃប្រេងខ្ពស់ជាសកល កើតឡើងបន្ទាប់ពីអ៊ីស្រាអែលចាប់ផ្តើមប្រតិបត្តិការជើងគោកថ្មី កាលពីថ្ងៃពុធ នៅក្នុងតំបន់ហ្គាហ្សា បន្ទាប់ពីមានការរំលោភបំពានបទឈប់បាញ់ដែលមានរយៈពេលជិត ២ខែ។

បន្ថែមលើនេះ សហរដ្ឋអាមេរិកក៏បានបន្តការវាយប្រហារតាមផ្លូវអាកាសប្រឆាំងក្រុមហ៊ូទីនៅប្រទេសយេម៉ែន សងសឹកការវាយលុករបស់ក្រុមនោះលើនាវានៅសមុទ្រក្រហម។ ទន្ទឹមគ្នា លោកប្រធានាធិបតី Trump ក៏បានប្ដេជ្ញាឲ្យអ៊ីរ៉ង់ទទួលខុសត្រូវ ចំពោះការវាយប្រហាររបស់ក្រុមហ៊ួទីនាពេលអនាគត៕

ប្រភព ៖ CNBC ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner