ធនាគារអភិវឌ្ឍន៍អាស៊ី( ADB)​ នឹងបន្តពង្រឹង​ និង​ពង្រីកកិច្ច​សហ​ប្រតិបត្តិការក្នុង​ភាពជាដៃគូដ៏ល្អជាមួយរាជរដ្ឋាភិបាល​កម្ពុជា

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ម៉ាសាតូ កាន់ដា (MASATO KANDA) ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ។

ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធាន ADB បានគូសបញ្ជាក់ថា កម្ពុជាគឺជាដៃគូដ៏មានសារៈសំខាន់ ហើយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាង ADB និងកម្ពុជា បានរីកចម្រើន​ជាលំដាប់។ ឯកឧត្តមប្រធាន ADB ក៏បានបង្ហាញជំនឿជឿជាក់​ថា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ទំនាក់ទំនង និងកិច្ច​សហប្រតិបត្តិការ រវាង ADB និងកម្ពុជា នឹងបន្តរីកចម្រើន​បន្ថែមទៀត។

ជាមួយគ្នានោះ, ឯកឧត្តមប្រធាន ADB ក៏បានគោរពជម្រាបជូន​សម្ដេចបវរធិបតីផងដែរថា ក្នុងឱកាសនៃដំណើរទស្សនកិច្ច​ក្រៅប្រទេសលើកទី១ របស់ឯកឧត្តម មកកាន់កម្ពុជា នាឱកាសនេះ ឯកឧត្តម និង គណៈប្រតិភូ បានអញ្ជើញបំពេញទស្សនកិច្ចនៅខេត្តកែប ដើម្បីស្វែងយល់អំពីគម្រោងនៃ “ការពង្រឹងភាពធន់នឹងអាកាសធាតុ និងនិរន្តរភាពនៃជលផលតំបន់ឆ្នេរ និងសមុទ្រក្នុងប្រទេសកម្ពុជា” ក៏ដូចជាបានបំពេញទស្សនកិច្ចនៅវិទ្យាល័យមួយ។ ភាពជោគជ័យនៃការអនុវត្តគម្រោងនេះ ជា​ ឧទាហរណ៍ជាក់ស្តែងដ៏ល្អមួយក្នុងភាពជាដៃគូរវាង ADB និង កម្ពុជា។ ឯកឧត្តមប្រធាន ADB ក៏បានគូសបញ្ជាក់ផងដែរថា ការអនុម័តអនុវត្តយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសថ្មីសម្រាប់កម្ពុជា ឆ្នាំ ២០២៤-២០២៨ របស់ ADB មានភាពស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ។ ADB​ នឹងបន្តពង្រឹង​ និង​ពង្រីកកិច្ចសហប្រតិបត្តិការក្នុង​ភាពជាដៃគូដ៏ល្អជាមួយរាជរដ្ឋាភិបាល​កម្ពុជាដើម្បីចូលរួមចំណែកដល់ការសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវការវាយតម្លៃ​ខ្ពស់ និង អរគុណចំពោះការគាំទ្ររបស់ ADB ក្នុងរយៈពេល​ជាច្រើនទសវត្សរ៍កន្លងមកនេះ ដែលបានចូលរួមចំណែកនៅ​ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ សម្ដេចបវរធិបតីក៏​បានគូសបញ្ជាក់អំពីសារៈសំខាន់ក្នុងការដាក់ចេញនូវគោលដៅលើកកម្ពស់កំណើនសេដ្ឋកិច្ច, ការបង្កើតការងារ, និងការអភិ​វឌ្ឍ​ប្រកបដោយចីរភាព ព្រមទាំងការដាក់ចេញនូវគោល​នយោបាយអាទិភាពនានា របស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយ​តបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ សំដៅដល់ការលើក​កម្ពស់វិស័យសុខាភិបាល, វិស័យអប់រំ និងឱកាសការងារ ជាដើម។

សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវវិធានការ និងយន្តការគន្លឹះដើម្បីគាំទ្រទៅដល់សហគមន៍មូលដ្ឋាននៅក្នុងការអភិវឌ្ឍសក្ដានុពលររបស់ខ្លួននៅតាមមូលដ្ឋាន តាមរយៈការដាក់ចេញនូវការគាំទ្រលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាព​សហគមន៍​មូលដ្ឋាន សំដៅធានាដល់ការផ្តល់ផលប្រយោជន៍ផ្ទាល់​របស់សហគមន៍។ ព្រមជាមួយគ្នានេះ, សម្ដេចបវរធិបតីក៏​បានគូសបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយនៅក្នុងការលើកកម្ពស់ការអប់រំ ការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ​នាពេលបច្ចុប្បន្ន និងទៅអនាគត ក៏ដូចជាការដាក់ចេញនូវ​គោល​នយោបាយ និងវិធានការចាំបាច់នានា ដើម្បីធានាបរិយា​កាស​វិនិយោគ ក៏ដូចជា​ ការធានាភាពប្រកួតប្រជែងរបស់​កម្ពុជា។ សម្ដេចបវរធិបតីក៏បានលើកទឹកចិត្តដល់ ADB បន្តផ្សារភ្ជាប់ទំនាក់ទំនង និងសហការជាមួយនឹងអាជ្ញាធរ​មូលដ្ឋាន និងក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល ដេីម្បី​បន្ត​ជំរុញនូវកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាង ADB និង កម្ពុជា​ ឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀតផងដែរ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner