ខេត្តបាត់ដំបង គ្រោងនឹងបញ្ចប់ការវាស់វែងដីធ្លីធ្វើប្លង់កម្មសិទ្ធ​នៅត្រឹម​ខែកក្កដាខាងមុខ

បាត់ដំបង៖មន្រ្តីជំនាញនៃរដ្ឋបាលខេត្តបាត់ដំបង បានអះអាងថា គិតចាប់ផ្តើមពីថ្ងៃទី១ ខែមករាឆ្នាំ២០២៤ រហូតមកដល់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ក្បាលដីដែលត្រូវវាស់វែងបង្ហើយមានចំនួនជាង ៧ម៉ឺនក្បាលដី ដែលគ្រោងនឹងបញ្ចប់​ការវាស់​វែងនៅត្រឹមខែកក្កដា​ខាងមុខ។

ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងភូមិបឹងបី និង ភូមិព្រែកអាំ ក្នុង​ឃុំរបស់​មង្គល ស្រុកមោង​ឫស្សី ខេត្តបាត់ដំបងកាលពីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ក្រោម​វត្តមានឯកឧត្តម សុខ លូ អភិបាល​ខេត្តបាត់ដំបង ,លោក សួន សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្ត​បាន​​ជម្រាប​ឯកឧត្តមអភិបាលខេត្តថា ការងារចុះបញ្ជីដីធ្លីក្នុងខេត្ត​បាត់ដំបងបានរៀបចំជាក្រុមចុះបញ្ជីចំនួន១១ក្រុម និងមាន​កម្លាំង​សរុប​ចំនួន២២០នាក់។លោកបន្តថា ការអនុវត្តការងារចុះបញ្ជី​បង្ហើយក្បាលដីបានអនុវត្តចាប់ផ្តើមពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ រហូតមកដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ សម្រេចបានការវាស់​វែងចំនួន ១៨៧​ ៧១៤​ក្បាលដី។ក្បាលដីដែលត្រូវវាស់វែងបង្ហើយ​មានចំនួន ៧៩ ៣៣៧ក្បាលដី​ទៀត ដែលគ្រោងនឹងបញ្ចប់ការ​វាស់វែងនៅត្រឹមខែកក្កដា​ឆ្នាំ២០២៥ខាងមុខ ។

ក្នុងឱកាសនេះដែរ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បាន​លើកឡើងថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ​របស់​សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានផ្ដោតនូវការយកចិត្តទុកដាក់​ខ្ពស់ទៅលើការវាស់វែងនិងការ​ចេញប្លង់កម្មសិទ្ធិដីធ្លីជូន​ប្រជាពលរដ្ឋ​ឱ្យបានឆាប់រួចរាល់ ដើម្បីឈានទៅបញ្ចប់នូវទំនាស់ដីធ្លី។

ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ​ដែលគ្មានដីពិតប្រាកដសូមទៅដាក់ពាក្យស្នើសុំដីសម្បទាន ពីរាជរដ្ឋា​ភិបាលតាមរយៈគោលនយោបាយកម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នា​អភិវឌ្ឍដោយចីរភាព និងត្រូវចៀស​វាងការចូលទន្រ្ទានកាន់កាប់ដីព្រៃ និងការរំលោភលើដីចំណីផ្លូវជាដើម៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.

ads banner