នាយឧត្តមសេនីយ៍ ស ថេត ក្រើនរំលឹកដល់មន្ដ្រីនគរបាលខេត្តព្រះវិហារត្រូវខិតខំបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ
ព្រះវិហារ៖ នៅខេត្តព្រះវិហារ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានក្រើនរំលឹកដល់នាយ នាយរង និងពលនគរបាលទាំងអស់នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ត្រូវខិតខំបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងត្រូវលុបបំបាត់ នូវរាល់ភាពអសកម្មនានាដែលបានខុសឆ្គងកន្លងមក ហើយប្ដូរមកធ្វើកិច្ចការងារសង្គមឱ្យបានច្រើន។

អាន៖ក្នុងដំណើរចុះសួរសុខទុក្ខកងកម្លាំងនគរបាលជាតិ តាមបណ្តោយព្រំដែនទិសភូមិភាគទី៤ និងទី៥ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក៏បានជួបសាកសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាននគរបាលខេត្ត ។

បន្ទាប់ពីបានស្តាប់ដោយយកចិត្តទុកចំពោះរបាយការណ៍នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ នាយឧត្តមសេនីយ៍ ស ថេត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ។នាយឧត្តមសេនីយ៍បានក្រើនរំលឹកដល់នាយ នាយរង និងពលនគរបាលទាំងអស់ ក្នុងនាមកងកម្លាំងនគរបាលជាតិ ត្រូវស្មោះត្រង់ចំពោះវិជ្ជាជីវៈរបស់ខ្លួនក្នុងការបម្រើប្រជាពលរដ្ឋ និងមានសាមគ្គីភាពផ្ទៃក្នុង ។បង្កើនការយកចិត្តទុកដាក់លើកទឹកចិត្តផ្តល់រង្វាន់ ចំពោះមន្រ្តីមានស្នាដៃ ។ចំពោះមន្រ្តីដែលប្រព្រឹត្តខុសត្រូវអនុវត្តតាមវិន័យកងកម្លាំង ។បើក្នុងករណីធ្ងន់ធ្ងរ ត្រូវអនុវត្តតាមច្បាប់ជាធរមាន។

ដោយសារខេត្តព្រះវិហារមានភូមិសាស្ដ្រជាប់ជាមួយប្រទេសថៃ និងប្រទេសឡាវ នាយឧត្តមសេនីយ៍ ស ថេត បានគូសរំលេចថា ស្ថានភាពបែបនេះងាយប្រឈមជាមួយបទល្មើសដែលអាចកើតឡើងនៅតាមព្រំដែន ។ដូច្នេះ ត្រូវពង្រឹង និងយកចិត្តទុកដាក់ សហការជាមួយបណ្ដាអង្គភាពពាក់ព័ន្ធ និងប្រទេសជាមិត្ត ដើម្បីផ្លាស់ប្ដូរព័ត៌មានគ្នាទៅវិញទៅមក សំដៅបង្ការ ទប់ស្កាត់ និងឈានទៅបង្ក្រាបបទល្មើសឱ្យបានទាន់ពេលវេលា៕
អត្ថបទ និងរូបភាព៖ ឡុង សំបូរ

