ក្រុមហ៊ុន AirAsia ប្តេជ្ញាបង្កេីនការតភ្ជាប់អ្នកធ្វើដំណើរ​ និងភ្ញៀវ​ទេសចរមកកាន់ប្រទេសកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Tan Sri Tony Fernandes នាយកប្រតិបត្តិក្រុមហ៊ុន Capital A Group (AirAsia) ចូលជួបសម្តែងការគួរសម និងពិភាក្សា​ការងារ នៅវិមានសន្ដិភាព នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ។

នៅក្នុងឱកាសនៃជំនួប, លោកនាយកប្រតិបត្តិ បានសម្តែង​សេច​ក្តី​សោមនស្សរីករាយ និងមានមោទនភាព ដែលក្រុម​ហ៊ុន AirAsia បានវិនិយោគនៅកម្ពុជា ដោយបានគូសបញ្ជាក់​ថា កម្ពុជាគឺជាប្រទេសដ៏មានសក្តានុពលសម្រាប់​ការវិនិយោគ​លើវិស័យអាកាសចរណ៍។​

លោកនាយកប្រតិបត្តិជឿជាក់ថា តាមរយៈការសាងសង់​អាកាស​យានដ្ឋានចំនួនបី នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ចំនួនអ្នកធ្វើដំណើរ និង ភ្ញៀវទេសចរ មកកាន់កម្ពុជានឹងកើនឡើងជាលំដាប់ នាពេលខាងមុខ។

ទន្ទឹមនោះ, លោកនាយកប្រតិបត្តិ ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្ត​របស់ក្រុមហ៊ុនក្នុងការតភ្ជាប់អ្នកដំណើរ និងភ្ញៀវទេសចរមក​កាន់​ប្រទេសកម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀតផងដែរ។

ជាការឆ្លើយតប, សម្ដេចបវរធិបតីបានអបអរសាទរ​ចំពោះការរីក​ចម្រើន និងភាពជោគជ័យរបស់ក្រុមហ៊ុន AirAsia នៅកម្ពុជា និង​បានបញ្ជាក់ថា ការវិនិយោគរបស់ក្រុមហ៊ុន AirAsia បាន​ចូលរួមចំណែកនៅក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសលើវិស័យទេសចរណ៍។

សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវយន្តការ និងវិធានការចាំបាច់នានា របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំ​ទ្រ និងលើកទឹកចិត្តដល់ក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុន​ភ្នាក់​ងារទេសចរណ៍ ដែលមានប្រតិបត្តិការនៅកម្ពុជា។

សម្ដេចបវរធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុន AirAsia ចូលរួម​ជា​មួយ​រាជរដ្ឋាភិបាល ក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរ​ណ៍​នៅកម្ពុជា ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner