រដ្ឋមន្រ្តី​ការបរទេស​ សមាហរណកម្មតំបន់​ និងប្រជាជនតូហ្គោ​នៅបរទេស​ នៃ​សាធារណរដ្ឋតូហ្គោ​ ​អបអរសាទរ​ចំពោះការ​អភិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់​លេីគ្រប់វិស័យរបស់កម្ពុជា

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តមសាស្ត្រា​ចារ្យ Robert DUSSEY រដ្ឋមន្ត្រីការបរទេស សមារណកម្ម​តំបន់ និងប្រជាជនតូហ្គោនៅបរទេស នៃសាធារណរដ្ឋតូហ្គោ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ​នៅ​វិមានសន្តិភាព នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ។

ក្នុងឱកាសនៃជំនួប, ឯកឧត្តមរដ្ឋមន្ត្រី​ បាន​សម្ដែង​នូវការ​អបអរ​សាទរ​​ចំពោះការអភិវឌ្ឍ​រីកចម្រើន​យ៉ាងឆាប់រហ័ស លើគ្រប់​វិ​ស័យ​របស់កម្ពុជា និងបានអបអរសាទរ​ចំពោះកម្ពុជាដែលនឹង​ធ្វេីម្ចាស់ផ្ទះ​​​នៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលេីកទី២០​ នៅឆ្នាំ​២០២៦ ហើយ ឯកឧត្តម ក៏បានបញ្ជាក់​ពីការគាំទ្រដល់កម្ពុជា​ក្នុង​ការរៀបចំកិច្ច​ប្រជុំកំពូលនេះ​ឱ្យទទួលបានជោគជ័យ។

ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនសម្ដេចបវរធិបតី អំពីសមិទ្ធផល នៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសតូហ្គោ និងក្រ​សួង​ការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា​ ព្រមទាំង​អំពីលទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបរវាងឯកឧត្តម​ និងក្រ​សួង ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដេីម្បីសិក្សា​ និងស្វែងរកនូវ​កាលានុវត្តភាពក្នុង​ការពង្រីកកិច្ចសហប្រតិបត្តិការ​ ក៏ដូចជា​ការ​ផ្សារភ្ជាប់ទំនាក់ទំនងរវាងសភាពាណិជ្ជកម្ម​ នៃប្រទេសទាំងពីរ ផងដែរ។​

ជាការឆ្លើយតប, សម្ដេចបវរធិបតីបានស្វាគមន៍ ចំពោះ ឯកឧត្តមរដ្ឋមន្រ្តី និងគណៈប្រតិភូ ដែលបានអញ្ជើញ​មក​បំពេញទស្សនកិច្ចនៅកម្ពុជា ។ សម្ដេចវរធិបតីក៏បានថ្លែងអំណរ​គុណចំពោះរដ្ឋាភិបាលតូហ្គោ ដែលបានគាំទ្រកម្ពុជា នៅក្នុង​ការធ្វើជាម្ចាស់ផ្ទះ នៃការរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី​ លេីកទី២០​ នៅឆ្នាំ២០២៦។

សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ថាទំនាក់ទំនងការទូតរវាងកម្ពុជានិង តូហ្គោ ក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះ កំពុងតែ​មានភាពសកម្មឡើង និងបានវាយតម្លៃខ្ពស់ចំពោះការ​សម្រេច​បាន​នូវ​លទ្ធផលដ៏ល្អនៃ​កិច្ចសហប្រតិបត្តិការរបស់​ក្រសួង​ការបរទេស​នៃប្រទេសទាំងពីរ។

សម្តេចបវរធិបតីក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជា​ និងតូហ្គោ​ មានវិស័យសក្ដានុពលជាច្រើនទៀត ក្នុង​ពង្រីកកិច្ច​សហ​ប្រតិ​បត្តិការ​ជាមួយគ្នា​ ទាំងក្នុងក្របខណ្ឌរាជរដ្ឋាភិបាល និងរដ្ឋាភិ​បាល,​ វិស័យឯកជន និងឯកជន ក៏ដូច​ជា​ការតភ្ជាប់​រវាង​ប្រជាជន​ និងប្រជាជន។

សម្ដេចបវរធិបតី និងឯកឧត្តមរដ្ឋមន្ត្រីតូហ្គោក៏បានពិភាក្សា ស្វែងយល់ និងចែករំលែកនូវបទពិសោធន៍ ក្នុងការអភិវឌ្ឍ​ប្រទេស ទៅលើវិស័យសំខាន់ៗមួយចំនួន រួមមាន ជាអាទិ៍៖ សេដ្ឋកិច្ច​, ពាណិជ្ជកម្ម, វិនិយោគ,​ កសិកម្ម,​ ថាមពលស្អាត​ និង​អប់រំ ​ផងដែរ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner