គម្រោងរេដបូកលំផាត់គ្របដណ្ដប់លើផ្ទៃដីជាង ១សែន ហិកតា និងអាចកាត់បន្ថយការបំភាយនៃឧស្ម័នផ្ទះកញ្ចក់ជាង២៥០០០០ តោនរៀងរាល់ឆ្នាំ
(ភ្នំពេញ)៖ ដែនជម្រកសត្វព្រៃលំផាត់គឺជាទីតាំងគម្រោងរេដបូកដ៏សំខាន់មួយនៅក្នុងប្រទេសកម្ពុជា។គម្រោងរេដបូកលំផាត់បានគ្របដណ្ដប់នៅលើផ្ទៃដី១៣៤,៧៣០ហិកតា មានសក្តានុពលក្នុងការកាត់បន្ថយការបំភាយនៃឧស្ម័នផ្ទះកញ្ចក់ចំនួ ន២៥២,៣១៩ តោនសមមូលនៃកាបូនឌីអុកស៊ីត(tCO2e) ជារៀងរាល់ឆ្នាំ។
អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) បានឱ្យដឹងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២៥ថា ក្នុងដែនជម្រកសត្វព្រៃលំផាត់មានសហគមន៍មូលដ្ឋានជាង១៦សហគមន៍ពឹងផ្អែកលើព្រៃឈើនេះសម្រាប់ការទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់ពួកគេ។
នាពេលបច្ចុប្បន្ននេះដែរ គម្រោងកំពុងស្ថិតក្នុងដំណាក់កាលផ្ទៀងផ្ទាត់ចុងក្រោយហើយនឹងចាប់ផ្តើមបង្កើតឥណទានកាបូនក្នុងពេលឆាប់ៗនេះ ដើម្បីជួយការពារជីវចម្រុះ គាំទ្រដល់សហគមន៍ និងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។
អង្គការជីវិតធម្មជាតិនៅកម្ពុជាបានលើកឡើងថា”យើងរួមគ្នាការពារព្រៃឈើលំផាត់ដើម្បីកូនចៅជំនាន់ក្រោយ។ ចូលរួមជាមួយពួកយើងការពារព្រៃឈើ និងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុទាំងអស់គ្នា”។
គួរបញ្ជាក់ថា គម្រោងរេដបូក (REDD+) គឺជាកម្មវិធីជាតិកាត់បន្ថយការបំភាយឧស័្មន ផ្ទះកញ្ចក់ពីការបាត់បង់ និងរេចរឹលព្រៃឈើ ។
រេដបូកមានគោលបំណងធំៗពីរ គឺការពារព្រៃឈើឱ្យបានគង់វង្សសម្រាប់ជាប្រយោជន៍ជាតិ និងការចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុសកលក្នុងអនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ។ ក្រៅពីផលប្រយោជន៍ជាឈើប្រើប្រាស់ និងជាមុខងារក្នុងប្រព័ន្ធអេកូឡូស៊ី ព្រៃឈើនៅមានមុខងារដ៏សំខាន់មួយទៀត គឺការស្រូបយកឧស័្មនកាបូនិច (ឧស័្មនផ្ទះកញ្ចក់) ពីបរិយាកាសដែលមុខងារនេះដើរតួនាទីសំខាន់ក្នុងការកាត់បន្ថយឧស័្មនផ្ទះកញ្ចក់ជាសកល៕

ដោយ ៖ ម៉ាដេប៉ូ