ប្រដាល់សកលមានឡើងវិញនៅអូឡាំពិក២០២៨ជារឿងសំខាន់សម្រាប់សហព័ន្ធប្រដាល់សកលជាតិទាំងអស់
(ភ្នំពេញ)៖ ឯកឧត្ដម ប៊ុយ សុភ័ណ្ឌ ក្នុងនាមជាប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានបង្ហាញការសម្រេចឱ្យមានការរៀបចំកីឡាប្រដាល់សកលឡើងវិញក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅ ២០២៨ នៅទីក្រុង Los Angeles សហរដ្ឋអាមេរិក ឆ្នាំ២០២៨ ។
ប្រមុខសហព័ន្ធខាងលើសង្កត់ធ្ងន់ថា ការដាក់ឱ្យមានឡើងវិញបែបនេះពិតជារឿងដ៏សំខាន់សម្រាប់សហព័ន្ធកីឡាប្រដាល់សកលតាមប្រទេសទាំងអស់ដែល ព្រោះការប្រកួតប្រដាល់សកលនៅអូឡាំពិកជាក្ដីស្រមៃរបស់កីឡាករ កីឡាការិនីគ្រប់រូបក្នុងការចូលរួមដណ្ដើមមេដាយក្នុងព្រឹត្តិការណ៍ដែលជាការប្រកួតកម្រិតកំពូលរបស់ពិភពលោក។ មួយវិញទៀត ក៏ពាក់ព័ន្ធនឹងការគាំទ្រ និងជំរុញផ្សព្វផ្សាយទាំងអាជ្ញាធរកីឡាផងដែរ។ ជាក់ស្ដែងនៅកម្ពុជា ពេលកំណត់ក្របខណ្ឌជាសហព័ន្ធកីឡាអូឡាំពិក កម្ពុជាអាចទទួលបានការគាំទ្រ និងផ្ដោតយកចិត្តទុកដាក់ អាទិភាពសម្រាប់ប្រភេទកីឡាអូឡាំពិក ទាំងក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
ទន្ទឹមនឹងនេះ សហព័ន្ធអន្តរជាតិក៏មានការគាំទ្រច្រើនពាក់ព័ន្ធនឹងសហព័ន្ធកីឡាជាតិផ្ទាល់ ហើយសហព័ន្ធកីឡាជាតិនោះនឹងទទួលបានថវិកាជាគម្រោងគាំទ្រឧបត្ថម្ភពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិទៅលើការគាំទ្រប្រភេទកីឡាប្រដាល់សកលលើពិភពលោក។ នេះក៏ជាយុទ្ធសាស្ត្រសំខាន់របស់សហព័ន្ធផ្ដោត និងលើកកម្ពស់ប្រភេទកីឡាអូឡាំពិក ក៏ដូចជាអភិវឌ្ឍប្រភេទកីឡាអូឡាំពិកមួយនេះ និងទាក់ទាញកីឡាករ កីឡាការិនីប្រដាល់សកលអាជីព និងស្ម័គ្រចិត្ត ចូលរួមអភិវឌ្ឍគុណផលរបស់ខ្លួនដែរ។
គួរដឹងដែរថា កីឡាប្រដាល់សកលត្រូវបានសម្រេចឱ្យដំណើរការជាផ្លូវការសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកនៅក្រុង Los Angeles សហរដ្ឋអាមេរិកឆ្នាំ ២០២៨។ នេះបើតាមការសម្រេចពីអង្គមហាសន្និបាតរបស់ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ នៅថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែមីនា ឆ្នាំ២០២៥។
គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានបោះឆ្នោតជាឯកច្ឆ័ន្ទលើការដាក់បញ្ចូលកីឡាប្រដាល់សកល តាមរយៈការបង្កើតសហព័ន្ធថ្មីមួយដើម្បីគ្រប់គ្រងដំណើរការកីឡាប្រដាល់ពិភពលោក គឺ ប្រដាល់សកលពិភពលោក “World Boxing”៕







ដោយ ៖ ជាវ ចន្ធូ