សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ផ្ដល់សិទ្ធិដល់ផលិតកម្ម «Galaxy Navatra» ផលិតកម្រងចម្រៀងដកស្រង់ចេញពីសាច់រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបរមី»
(ភ្នំពេញ)៖ ផលិតកម្ម «ហ្គាឡាក់ស៊ី ណាវ៉ាត្រា» បានទទួលសិទ្ធិពីសម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងការផលិតកម្រងចម្រៀងដកស្រង់ចេញពីសាច់រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបរមី» ដែលជារឿងប្រវត្តិសាស្ត្រ និងឆ្លុះបញ្ចាំងពីជីវិតតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងបុព្វហេតុជាតិមាតុភូមិ ។ ពិធីទទួលសិទ្ធិ ធ្វើឡើងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ក្រោមវត្តមានអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ីណាវ៉ាត្រា គ្រុប និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុន ទីប្រឹក្សាផលិតកម្ម ផលិតករ អ្នកនិពន្ធ តារាចម្រៀង សិល្បករសិល្បការិនី និងភ្ញៀវកិត្តិយសជាច្រើនរូប ដែលប្រាព្ធធ្វើឡើងនៅភោជនីយដ្ឋានទន្លេបាសាក់ រាជធានីភ្នំពេញ ។
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានថ្លែងគោរពនូវការដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតដល់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានទឹកចិត្តប្រកបដោយគុណធម៌ដ៏ជ្រាលជ្រៅផ្តល់ឱកាសឲ្យក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប ទទួលសិទ្ធិផលិតកម្រងចម្រៀងដកស្រង់ចេញពីសាច់រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបរមី» ។ អ្នកឧកញ៉ា មានប្រសាសន៍ថា ក្នុងនាមក្រុមហ៊ុន ជាមួយឯកឧត្តម ហ៊ឹម នភា, លោក ខេម មានមោទនភាពយ៉ាងក្រៃលែង ទទួលបានការអនុញ្ញាតិណែនាំជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន និងនិងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត គឺជាកិត្តិយសដ៏ធំធេងណាស់សម្រាប់ការងារប្រវត្តិសាស្រ្តសម្រាប់ការផលិតកម្រងចម្រៀងជូនសម្តេចទាំងទ្វេ ដើម្បីទុកជាមរតកដល់អ្នកជំនាន់ក្រោយបានដឹង និងឈ្វេងយល់ពីដំណើររឿង ដោយសាររឿងនេះជាដំណាក់កាលប្រវត្តិសាស្ត្រ និងជារឿងពិតដែលនិយាយពីសាច់រឿងរបស់សម្តេចតេជោ ក្នុងកំឡុងពេលចូលព្រៃ ហើយធ្វើការតស៊ូនឹងស្វែងរកការផ្សះផ្សារនាំសុខសន្តិភាពជូនជាតិមាតុភូមិ ។
នៅក្នុងរបារាយការណ៍ស្តីពីការរៀបចំផលិតកម្រងចម្រៀងដកស្រង់ចេញពីសាច់រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» លោក ជា លីសែ ទីប្រឹក្សាផលិតកម្ម Galaxy Navatra បានលើកឡើងថា ជាជំហានដំបូង ក្នុង ១កម្រងចម្រៀង នឹងមានប្រហែលចន្លោះពី ៨ Vol. ទៅ ១០ Vol. ដែលក្នុង Vol. នីមួយៗ នឹងមាន ១០បទ សរុបប្រហែលចន្លោះពី ៨០បទ ទៅ ១០០បទ ក្នុង ១កម្រងចម្រៀង ។ ជារួមសរុបទាំង ២កម្រងចម្រៀង ទាំងបទលំនាំបទដើម និងមេឡូឌីថ្មី ប្រហែលជាជិត ២០០បទ ។
លោក ជា លីសែ បានបញ្ជាក់ថា ដើម្បីធ្វើការផ្សព្វផ្សាយ នូវ បទចម្រៀង ក្រោយពីបានផលិតរួចរាល់ទាំងអស់ សម្តេច តេជោ បានផ្តល់ជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ដោ អនុញ្ញាតជូនផលិតកម្ម Galaxy Navatra ផលិត រក្សាទុកច្បាប់ដើម នៃចម្រៀងទាំងអស់ និងផ្សព្វផ្សាយតាមបណ្តាញសង្គមឱ្យបានទូលំទូលាយ ព្រមទាំងប្រគល់ជូនក្រុមការងារផ្សព្វផ្សាយរបស់សម្តេចតេជោ ដើម្បីផ្សព្វផ្សាយផងដែរ ៕






អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ