ឯកឧត្តម វង សូត ៖ បើគ្មានសន្តិភាពទេ នោះយើងទាំងអស់គ្នា គ្មានអ្វីគ្រប់យ៉ាងដូចសព្វថ្ងៃនេះទេ
(ត្បូងឃ្មុំ)៖ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្តេជ្ញាចិត្តដ៏មោះមុតក្នុងការថែរក្សា «សន្តិភាព» និងការតម្កល់ «សន្តិភាព» ជាគុណតម្លៃខ្ពស់បំផុត គឺគ្មានការប្រែប្រួលជាដាច់ខាត ទោះបីក្នុងតម្លៃណាក៏ដោយ។ បើគ្មានសន្តិភាពទេ នោះយើងទាំងអស់គ្នា គ្មានអ្វីគ្រប់យ៉ាងដូចសព្វថ្ងៃនេះទេ ។
នេះជាការថ្លែងបញ្ជាក់របស់ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋានក្រុមប្រឹក្សាស្រុក ឃុំ និងភូមិទូទាំងស្រុកត្បូងឃ្មុំ ក្នុងខេត្តត្បូងឃ្មុំ។
ឯកឧត្តម វង សូត បានថ្លែងអំណរគុណ និងកោតសរសើរក្រុមការងារ គណបក្សស្រុកត្បូងឃ្មុំ ដែលបានខិតខំប្រឹងប្រែង ក្នុងការនាំយកជ័យជំនះជូនគណបក្សប្រជាជន និងផ្តល់ឱកាសជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការបន្តវេនដឹកនាំរាជរដ្ឋាភិបាល នីតិកាលទី៧។ ក្រោមការដឹកនាំរដ្ឋាភិបាលបន្តវេន បានធ្វើឱ្យប្រទេសជាតិរក្សាបានសុខសន្តិភាព ស្ថិរភាពកំណើនសេដ្ឋកិច្ច ឈានទៅសម្រេចបានគោលដៅអភិវឌ្ឍ ក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់ ក្នុងឆ្នាំ២០៥០ ។
ឯកឧត្តម វង សូត ព្រមទាំងឯកឧត្តម លោកជំទាវ តំណាង រាស្រ្តមណ្ឌលត្បូងឃ្មុំ បានឧបត្ថម្ភថវិកា ដល់សមាជិក សមាជិកាជាង ៣០០នាក់ ក្នុងម្នាក់ៗ ៥ម៉ឺនរៀល ៕





ដោយ ៖ ហេង សម្បត្តិ