បាក់ស្ពានមនុស្សម្នាធ្លាក់ចូលទន្លេអេក្វាឌ័រ
បរទេស ៖ រថយន្ត ម៉ូតូ ព្រមទាំង មនុស្សម្នាបានធ្លាក់ចូលទន្លេ នៅក្នុងប្រទេស អេក្វាឌ័រ នៃតំបន់អាមេរិខាងត្បូង ក្រោយពេលដែលស្ពានខ្សែកាប ប្រវែង២០០ម៉ែត្រមួយខ្សែ បានដាច់បាក់។
អាជ្ញាធរក្នុងតំបន់បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា មនុស្សយ៉ាងហោចណាស់ ម្នាក់បានស្លាប់, ៥នាក់រងរបួស និង២នាក់ផ្សេងទៀត បានបាត់ខ្លួន។
ក្រសួងគ្រប់គ្រងហានិភ័យបានអះអាងថា ឡានដឹកទំនិញ៤គ្រឿង, រថយន្ត១គ្រឿង និងម៉ូតូ២គ្រឿង បានធ្លាក់ចូលក្នុងទន្លេ Magro ចម្ងាយប្រហែល ៥០គីឡូម៉ែត្រ ភាគខាងជើង នៃកំពង់ផែ Guayaquil។
អភិបាលខេត្ត Guayas លោកស្រី Marcela Aguinaga បាននិយាយថា នៅលើបណ្តាញសង្គម X ថា «យើងអាចសន្និដ្ឋានដំបូងថា ស្ពានផ្ទុកលើសទម្ងន់។ ជាការកត់សម្គាល់ នៅចុងស្ពាន សណ្តោងរ៉ឺម៉កដឹកពោត បានក្រឡាប់ផ្ងារជើង។
ការបាក់ស្ពាននេះកើតឡើង នៅពាក់កណ្តាល រដូវវស្សា។ យោងតាមក្រសួងគ្រប់គ្រងហានិភ័យ បានឱ្យដឹងថា មនុស្សយ៉ាងតិច ២០នាក់ ត្រូវបានសម្លាប់ អំឡុងទឹកជំនន់ និង ការបាក់ដី ដែលបានបំផ្លាញស្ពានចំនួន៤៥កន្លែង ក្នុងប្រទេសនេះ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត