វេណេស៊ុយអេឡា៣០០នាក់ទៅដល់ផ្ទះ ក្រោយអាមេរិកនិរទេស
បរទេស៖ ពលរដ្ឋវេណេស៊ុយអេឡា ជាង៣០០នាក់ កាលពីថ្ងៃព្រហស្បតិ៍ បានធ្វើដំណើរទៅផ្ទះវិញ ចំពេលមានជម្លោះលើបញ្ហាចំណាកស្រុក ជាមួយសហរដ្ឋអាមេរិក។
រដ្ឋាភិបាល វ៉េណេស៊ុយអេឡា បាននិយាយថា ពលរដ្ឋខ្លួនចំនួន ៣១១នាក់ មានវត្តមាន នៅលើយន្តហោះ
ដឹកពីប្រទេសម៉ិកស៊ិក ដែលភាគច្រើន ជាជនចំណាកស្រុក ជាប់ព្រំដែនអាមេរិក។ ជាការធ្វើដំណើរត្រលប់ទៅស្រុកកំណើតវិញ ខណៈដែលទីក្រុងវ៉ាស៊ីនតោន បង្ក្រាបជនបរទេសដែលគ្មានឯកសារ។
រដ្ឋបាល លោក Donald Trump ថ្មីៗនេះ ក៏បានផ្ទេរជនជាតិវេណេស៊ុយអេឡា ចំនួន២៣៨នាក់ ទៅកាន់ប្រទេស El Salvador បន្ទាប់ពីចោទប្រកាន់ពួកគេថា ជាក្រុមឧក្រិដ្ឋជន Tren de Aragua ដោយបានអំពាវនាវឱ្យប្រើច្បាប់ឆ្នាំ១៧៩៨ អនុញ្ញាតឱ្យមានការបណ្តេញចេញ ចាត់ទុកថាជា «សត្រូវបរទេស»។
ប្រធានាធិបតី វេណេស៊ុយអេឡា លោកNicolas Maduro បានប្រកាសថា យកយន្តហោះទៅដឹកទទួលជនចំណាកស្រុក ពីប្រទេសម៉ិកស៊ិក ចំពេលមានវិបត្តិ ដែលបណ្តាលមកពីការសម្រេចចិត្ត របស់សហរដ្ឋអាមេរិក ក្នុងការបញ្ជូនជនចំណាកស្រុកវេណេស៊ុយអេឡា និរទេសទៅកាន់ពន្ធនាគារ ក្នុងប្រទេស El Salvador៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត