រុស្ស៊ី និង អាមេរិក នឹងជជែកពីសង្គ្រាមអ៊ុយក្រែនជាថ្មីនៅអារ៉ាប៊ីសាអូឌីតសប្តាហ៍ក្រោយ

មូស្គូ ៖ លោក Yuri Ushakov ជំនួយការរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និយាយថា សប្តាហ៍ក្រោយ មន្ត្រីរុស្ស៊ី និង អាមេរិក គ្រោងជួបពិភាក្សាគ្នាសាជាថ្មីទៀត អំពីបញ្ហាសង្គ្រាមអ៊ុយក្រែន នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។

លោក Ushakov បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការការពិគ្រោះយោបល់រវាងមន្ត្រីរុស្ស៊ី និង អាមេរិក គ្រោងធ្វើឡើងនៅថ្ងៃទី ២៤ ខែមីនានេះ នៅទីក្រុងរីយ៉ាដ។

លោក Ushakov បន្តថា លោកបានបញ្ជាក់ពីរឿងនេះ បន្ទាប់ពីពិភាក្សាជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Mike Waltz ហើយថា លោកទាំង ពីរ បាន យល់ ព្រម បញ្ជូន “ក្រុម ជំនាញ” សមសម្រាប់ការចរចាស្វែងរកសន្តិភាពបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។

បើតាមការរំពឹងទុកនោះ គណៈប្រតិភូប្រទេសទាំងពីរនឹងជជែកគ្នាបន្ថែមទៀត អំពី “គំនិតផ្តួចផ្តើម” ដែលលោក Putin និងលោក Trump បាននិយាយទាក់ទងនឹងសមុទ្រខ្មៅ។

រីឯលោក Waltz ក៏បានទទួលស្គាល់កាលពីថ្ងៃពុធដែរថា “ក្រុមបច្ចេកទេស” មកពីរុស្ស៊ី និងអាមេរិក នឹងជួបប្រជុំគ្នានៅទីក្រុងរីយ៉ាដ ដើម្បីផ្តោតលើការអនុវត្ត និងពង្រីកបទឈប់បាញ់មួយផ្នែកដែលលោកប្រធានាធិបតី Trump ទទួលបានពីរុស្ស៊ី។

មេដឹកនាំរុស្ស៊ី លោក Putin បានបដិសេធទទួលយកបទឈប់បាញ់ទាំងស្រុងនៅអ៊ុយក្រែន ដែលស្នើឡើងដោយសហរដ្ឋអាមេរិក ប៉ុន្តែបានយល់ព្រមត្រឹមតែរយៈពេល ៣០ ថ្ងៃប៉ុណ្ណោះ ក្នុងការបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner