រដ្ឋបាលរាជធានីភ្នំពេញរៀបចំ “សង្ក្រាន្តវត្តភ្នំ” ភ្ជាប់ជាមួយ ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ រយៈពេល៣ថ្ងៃ ក្នុង​ឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ

(ភ្នំពេញ)៖ ឯកឧត្ដម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ​បាន​ធ្វើការណែនាំឱ្យមន្ទីរវប្បធម៌ វិចិត្រសិល្បៈ រាជធានីភ្នំពេញ​និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ព្រមទាំង​អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវរៀបចំ “សង្ក្រាន្តវត្តភ្នំ” ២០២៥ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ឱ្យបានល្អបំផុត ដោ​យ​សារថា «សង្ក្រាន្ដ»នេះ រាជរដ្ឋាភិបាលរបស់យើង​កំពុង​រៀប​ចំ​ដាក់បញ្ចូលទៅក្នុងសម្បត្តិបេតិកភណ្ឌ​ពិភពលោក​អរូបីយ៍ ។

ការណែនាំបែបនេះរបស់ ឯកឧត្ដម កើត ឆែ អភិបាលរងរាជ​ធានី​ភ្នំ​ពេញ​បានធ្វើឡើងនារសៀលថ្ងៃទី២០មិនានេះ ខណៈ ឯកឧត្ដមបានអញ្ជើញជាអធិបតីតំណាងឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំស្តីពីការ​ត្រៀមរៀបចំ “សង្ក្រាន្តវត្តភ្នំ” ២០២៥ ដើម្បីចូលរួមអបអរសា​ទរ​ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ខាង​មុខ​នេះ ។

ឯកឧត្ដម កើត ឆែ បានមានប្រសាសន៍ថា “សង្ក្រាន្តវត្តភ្នំ” ២០២៥នេះ មានរយៈពេល ០៣ថ្ងៃ ដោយចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ហើយក៏មានការរៀបចំជាកន្លែង​ទទួល​ទេវតាឆ្នាំថ្មី ដង្ហែរព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្ដែង​សិល្បៈ របាំប្រពៃណី របាំបុរាណ ល្បែងប្រជាប្រិយជាតិ ប្រគំ​តន្ត្រីបុរាណ-សម័យ រាំលេងកម្សាន្ត តាំងបង្ហាញឧបករណ៍តន្ត្រី​បុរាណជាដើម ។ លើសពីនេះ “សង្ក្រាន្តវត្តភ្នំ” ក៏នឹងត្រូវភ្ជាប់ជា​មួយ ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញផងដែរ ពោលគឺផ្លូវថ្មើរ​ជើងនឹងបើកបន្ត៣ថ្ងៃទៀតនៃថ្ងៃចូលឆ្នាំរហូតបញ្ចប់បុណ្យចូលឆ្នាំថ្មី។

បន្ថែមពីនេះ កិច្ចប្រជុំក៏បានលើកឡើងពីការគិតគូរលើការជួស​ជុល​សួនកុមារ ជួសជុលនាឡិកាជួសជុលរមណីយដ្ឋានវប្បធម៌​ប្រវត្តិសាស្ត្រវត្តភ្នំ តុបតែងភ្លើងបន្ថែមទាំងនៅខាងក្នុង​និ​ង​ខាង​ក្រៅរមណីយដ្ឋានវត្តភ្នំ និងតំបន់ជុំវិញវត្តភ្នំ៕

ដោយ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner