សម្ភោធ អគារផ្នែកជំងឺកុមារ នៃមន្ទីរពេទ្យបង្អែកខេត្តក្រចេះ នឹងជួយលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ជាពិសេសសុខភាពមាតា ទារក កុមារ នៅកម្ពុជា
(ខេត្តក្រចេ)៖ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និង ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តក្រចេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារផ្នែកជំងឺកុមារ នៃមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរ ចំពោះមន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល ដែលបានបម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ និងសូមកោតសរសើរចំពោះការរីកចម្រើននៃវិស័យសុខាភិបាលនៅទូទាំងខេត្ត ដែលមន្ទីរសុខាភិបាលខេត្ត សម្រេចបានការងារជាច្រើន ដូចជា៖ ១) ការផ្តល់សេវាពិនិត្យ ពិគ្រោះ និងព្យាបាលអ្នកជំងឺទាំងការពិនិត្យជំងឺក្រៅ និងការសម្រាកពេទ្យ ២) លើកកម្ពស់កម្មវិធីសុខភាពបន្តពូជយុវវ័យ សុខភាពមាតា ទារក កុមារ និងអាហារូបត្ថម្ភ ៣) កម្មវិធីប្រយុទ្ធនឹងជំងឺឆ្លង ៤) កម្មវិធីប្រយុទ្ធនឹងជំងឺមិនឆ្លង និងបញ្ហាសុខភាពសាធារណៈដទៃទៀត ៥) ការពង្រឹងប្រព័ន្ធសុខាភិបាល និង ៦) ការលើកកម្ពស់គុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌ នៃការផ្តល់សេវា ពិនិត្យព្យាបាលតាំងពីមណ្ឌលសុខភាព រហូតដល់មន្ទីរពេទ្យបង្អែកខេត្ត។

សូមជម្រាបជូនថា អគារផ្នែកជំងឺកុមារចំនួន ១ខ្នង មានកម្ពស់ ២ជាន់ ស្ថិតនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តក្រចេះ បានចំណាយថវិកាសរុបចំនួន ៩៤៥៥៦០ ដុល្លាអាម៉េរិក (ប្រាំបួនរយសែសិបប្រាំពាន់ ប្រាំរយហុកសិបដុល្លាអាម៉េរិក) ដែលជាជំនួយអង្គការមណ្ឌលថែទាំសុខភាពកុមារចេនឡា និងជួយគាំទ្រថវិកាក្នុងការុះរើសអាគារចាស់ ពីឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តក្រចេះ ៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ


