លោក Trump ដាក់ទណ្ឌកម្មរោងចក្រប្រេងនៅចិន ដែលជាប់ពាក់ព័ន្ធនឹងក្រុមហ៊ូទី
វ៉ាស៊ីនតោន ៖ រដ្ឋបាលលោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍ បានដាក់ទណ្ឌកម្មលើរោងចក្រចម្រាញ់ប្រេងមួយ មានមូលដ្ឋាននៅប្រទេសចិន ដែលបានទិញប្រេងអ៊ីរ៉ង់មានតម្លៃប្រហែល ៥០០លានដុល្លារ ពីកប៉ាល់ដែលជាប់ទាក់ទងជាមួយក្រុមហ៊ូទី ខណៈសេតវិមានក៏កំពុងបង្កើនសម្ពាធប្រឆាំងអ៊ីរ៉ង់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងរតនាគារអាមេរិកបានប្រកាសថា ខ្លួនកំពុងដាក់ទណ្ឌកម្មលើរោងចក្រចម្រាញ់ប្រេងមួយ មានមូលដ្ឋាននៅក្នុងខេត្តសានទុង របស់ប្រទេសចិន ដែលបានទិញប្រេងពីអ៊ីរ៉ង់ មានតម្លៃប្រហែល ៥០០លានដុល្លារ។
ទន្ទឹមគ្នា ក្រសួងរតនាគារអាមេរិកក៏បានដាក់ទណ្ឌកម្មលើនាវា និងក្រុមហ៊ុនចំនួន ១៩ បន្ថែមទៀត ដែលទទួលខុសត្រូវក្នុងការផ្គត់ផ្គង់រោងចក្រចម្រាញ់ប្រេងផងដែរ។
បើតាមរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent ការទិញប្រេងពីរោងចក្រអ៊ីរ៉ង់ Teapot គឺប្រៀបដូចជាការជួយគាំទ្រដល់សេដ្ឋកិច្ចរបបដឹកនាំអ៊ីរ៉ង់ ដែលជាអ្នកឧបត្ថម្ភក្រុមភេវរករឈានមុខគេលើពិភពលោក។
រីឯអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Tammy Bruce បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទណ្ឌកម្មទាំងនេះកំពុងត្រូវបានដាក់ស្របតាមយុទ្ធនាការសម្ពាធអតិបរមារបស់លោកប្រធានាធិបតី Trump ប្រឆាំងនឹងការនាំចេញប្រេងរបស់អ៊ីរ៉ង់ រួមទាំងទៅកាន់ប្រទេសចិន។
លោកស្រីបន្ថែមថា ចិនគឺជាប្រទេសនាំចូលប្រេងដ៏ធំបំផុតពីអ៊ីរ៉ង់ ហើយថា ទីក្រុងតេអេរ៉ង់បានប្រើប្រាស់ប្រាក់ចំណូលពីការលក់ប្រេងទាំងនេះដើម្បីវាយប្រហារផ្នែកហិរញ្ញវត្ថុប្រឆាំងនឹងសម្ព័ន្ធមិត្តរបស់អាមេរិក និងគាំទ្រដល់អំពើភេរវកម្មនៅជុំវិញពិភពលោក៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
