លោក Trump ប្រកាសផ្តល់ប្រព័ន្ធមីស៊ីលការពារដែនអាកាសដល់អ៊ុយក្រែន
ព្រូចសែល ៖ អ្នកការទូតកំពូលរបស់សហភាពអឺរ៉ុប លោកស្រី Kaja Kallas នៅថ្ងៃព្រហស្បតិ៍ បានសាទរការប្រកាសរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលថា នឹងផ្តល់ប្រព័ន្ធមីស៊ីលការពារដែនអាកាសដល់អ៊ុយក្រែន
រួមទាំងអឺរ៉ុប។

លោកប្រធានាធិបតី Trump បានប្តេជ្ញាចិត្តការពារដែនអាកាសអ៊ុយក្រែន ក្នុងកំលុងការសន្ទនាតាមទូរស័ព្ទជាមួយលោកប្រធានាធិបតី Zelensky កាលពីថ្ងៃពុធ ក្នុងនោះមេដឹកនាំអ៊ុយក្រែនបានស្នើសុំជំនួយប្រព័ន្ធមីស៊ីល Patriot ជាពិសេស។

ជាការឆ្លើយតប លោកប្រធានាធិបតី Trump បានយល់ព្រមលើលទ្ធភាពផ្គត់ផ្គង់ប្រព័ន្ធមីស៊ីលការពារដែនអាកាស ទាំងនៅអ៊ុយក្រែន និងអឺរ៉ុប។
បច្ចុប្បន្នអ៊ុយក្រែនមានប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot ផលិតដោយអាមេរិកចំនួន ៧គ្រឿង ដែលផ្តល់ដោយសហរដ្ឋអាមេរិក អាល្លឺម៉ង់ និងរ៉ូម៉ានី។
ក្រុមមន្ត្រីនិយាយថា ប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot គឺជាមធ្យោបាយតែមួយគត់ដែលអ៊ុយក្រែនអាចទប់ទល់នឹងកាំជ្រួចផ្លោងរបស់រុស្ស៊ីបាន។
ចំណែកការស្ទាក់ចាប់មីស៊ីលរយៈកម្ពស់ខ្ពស់ អ៊ុយក្រែនមានប្រព័ន្ធ SAMP/T ដែលផលិតដោយអឺរ៉ុបចំនួន ២គ្រឿង មកពីប្រទេសអ៊ីតាលី និងបារាំង។
បន្ថែមលើនេះ អ៊ុយក្រែនក៏អាចពឹងផ្អែកលើយន្តហោះចម្បាំង ដើម្បីស្ទាក់ចាប់មីស៊ីលផងដែរ ដែលផ្តល់ដោយសម្ព័ន្ធមិត្តអឺរ៉ុប រួមមានយន្តហោះចម្បាំង F-16 និង Mirage 2000-5៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
