ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញដល់ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានភូមិ ឃុំ ស្រុក ត្រូវរួមគ្នាដោះស្រាយបោសសម្អាតនូវករណីវិវាទដីធ្លីដែលនៅសេសសល់ទូទាំងខេត្តក្រចេះ មុននឹងបញ្ចប់ការវាស់វែងដីធ្លីបង្ហើយនៅទូទាំងខេត្ត
(ក្រចេះ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងកិច្ចប្រជុំពិភាក្សាបញ្ចប់ការដោះស្រាយវិវាទដីធ្លីនៅទូទាំងខេត្តក្រចេះ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ បានគូសបញ្ជាក់ថា ដល់ពេលវេលាហើយដែលក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានភូមិឃុំស្រុក ត្រូវរួមគ្នាដោះស្រាយបោសសំអាតនូវករណីវិវាទដីធ្លីដែលនៅសេសសល់នៅទូទាំងខេត្តក្រចេះមុននឹងបញ្ចប់ការវាស់វែងដីធ្លីបង្ហើយនៅទូទាំងខេត្តនេះ ដែលនេះគឺជាការចូលរួមចំណែកបញ្ចប់បញ្ហាចម្រូងចម្រាស់ដ៏ធំមួយក្នុងសង្គមជាតិ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានឱ្យដឹងថាកិច្ចប្រជុំនាពេលនេះធ្វើឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយលទ្ធផលការងារដោះស្រាយវិវាទដីធ្លីនៅទូទាំងខេត្តក្រចេះដែលយើងបានខិតខំប្រឹងប្រែងដោះស្រាយរយៈពេលជិត ២ ឆ្នាំមកនេះនិងជំរុញឱ្យមានការចូលរួមដោះស្រាយករណីវិវាទដែលនៅសេសសល់ក្នុងខេត្តនេះបន្តទៀត ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជាគណៈកម្មាធិការសុរិយោដីថ្នាក់ជាតិនិងអាជ្ញាធរដោះស្រាយវិវាទដីធ្លី ត្រូវបានដឹកនាំដោយឯកឧត្តមផ្ទាល់ ហើយតាមរយៈយន្តការទាំងបីនេះយើងបានចុះបញ្ជីដីធ្លីបានជាង ៤ លានក្បាលដីបន្ថែមទៀតនៅទូទាំងប្រទេសក្នុងរយៈពេលជិត២ ឆ្នាំមកនេះ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា យុទ្ធនាការចុះបញ្ជីដីធ្លីនេះបានចាប់ផ្ដើមឡើងតាំងពីឆ្នាំ ១៩៨៩ដែលកាលនោះបានបដិសេធការទាមទារការកាន់កាប់អចលនទ្រព្យមុនឆ្នាំ ១៩៧៩ ហើយទទួលស្គាល់កម្មសិទ្ធិឯកជន។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រុមការងារថ្នាក់ជាតិ គណៈកម្មាការសុរិយោដីទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងអជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី បានឯកភាពនិងសម្រេច ៖
ទី១. កំណត់ការដោះស្រាយបញ្ចប់ករណីទាមទារដីរដ្ឋ ពីបងប្អូនប្រជាពលរដ្ឋដែលបានតាំងទី និងស្នាក់នៅលើទីតាំងដីរបស់រដ្ឋ ដោយត្រូវអនុវត្តតាមគោលការណ៏ណែនាំរបស់រាជរដ្ឋាភិបាល
ទី២. សម្រេចជំរុញដោះស្រាយតាមគ្រប់យន្តការ ពីគ្រប់ថ្នាក់ គ្រប់ផ្នែក ពីអ្នកពាក់ព័ន្ធ ដើម្បីបិទបញ្ចប់ករណីវិវាទដែលនៅសេសសល់ទាំង ១៥ករណី ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានឱ្យដឹងថា យើងនឹងប្រារព្ធខួបលើកទី ៤០នៃការធ្វើកំណែទម្រង់ដីធ្លីនៅឆ្នាំ ២០២៩ ដោយក្នុងនោះយើងនឹងបញ្ចប់ការចុះបញ្ជីដីធ្លីបង្ហើយនៅទូទាំងប្រទេសឲ្យបានមុនឆ្នាំ ២០២៩ ខាងមុខ។ ដោយឡែកសម្រាប់ការចុះបញ្ជីដីធ្លីនៅទូទាំងខេត្តក្រចេះនៅសល់ក្បាលដីតិចតួចប៉ុណ្ណោះ ។ តាមរយៈគណៈកម្មាធិការសុរិយោដី យើងបានកែសម្រួលនិងតម្រូវតាមបច្ចេកទេសទៅលើការវាស់វែងទាំងអស់ដែលមានពីមុនមក ។ តាមរយៈអាជ្ញាធរដោះស្រាយវិវាទដីធ្លី កាលពី ១០ ឆ្នាំមុនមានករណីវិវាទដីធ្លីចំនួន ២ម៉ឺនករណីនៅទូទាំងប្រទេស ប៉ុន្តែបច្ចុប្បន្នគឺបានដោះស្រាយអស់នៅសល់ត្រឹមតែប្រមាណ ៥០០ ករណីប៉ុណ្ណោះ៕
ដោយ / គ្រី សម្បត្តិ









