បុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ នឹងមានរៀបចំកម្មវិធីអ្វីខ្លះ?
ភ្នំពេញ៖ បន្ទាប់ពីរៀបចំបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ នៅខេត្តសៀមរាបប្រកបដោយជោគជ័យ បុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ នៅខេត្តតាកែវនឹងប្រពឹត្តទៅរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ”។ព្រឹត្តិការណ៍លើកទី៩នេះ ក៏កាន់តែប្លែកថែមទៀត ។
តើព្រឹត្តិការណ៍បុណ្យទន្លេឆ្នាំនេះ នឹងមានរៀបចំអ្វីខ្លះ? ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តតាកែវបានឱ្យដឹងថា ដើម្បីជំរុញឱ្យព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ ប្រព្រឹត្តទៅដោយភាពអធិកអធម គណៈកម្មការអន្តរក្រសួងនឹងរៀបចំកម្មវិធីសំខាន់ៗ ដូចជា៖១- ការសម្តែងផ្ទាល់នូវទស្សនីយភាពសិល្បៈ ការប្រគំតន្ត្រីដោយមានការចូលរួមពីក្រុមសិល្បករ សិល្បការិនីនិងតារាចម្រៀងល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការអុជកាំជ្រួចអបអរព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥។២- ការតាំងពិព័រណ៍សមិទ្ធផលក្នុងវិស័យទេសចរណ៍ មហោស្រពម្ហូបអាហារ និងភេសជ្ជៈ និងពិព័រណ៍ពាណិជ្ជកម្ម ផលិតផលកសិ-ទេសចរណ៍ និងផលិតផលក្នុងស្រុកព្រមទាំងការបង្ហាញសមិទ្ធផលនិងគម្រោងអភិវឌ្ឍន៍នានារបស់ខេត្តតាកែវ និងទី៣- សកម្មភាពកីឡាទេសចរណ៍ជាលក្ខណៈមហាជន ដោយមានសកម្មភាពកីឡា ជាច្រើនប្រភេទ។ក្នុងនោះកីឡា ជិះកង់ ចម្ងាយ ៧៥គីឡូម៉ែត្រ ភ្នំពេញ-តាកែវ, ២. កីឡា រត់កម្សាន្តមហាជន ១២០០នាក់, ៣. កីឡា អុកចត្រង្គ មហាជន, ៤.កីឡាកម្សាន្តដូចជា រែក បាយខុម លោតម៉ឹក, ៥. កីឡាបាល់ទះមហាជន, ៦.កីឡាប៉ូល(បេតង់) មហាជន, ៧. កីឡាទូកកានូកាយ៉ាកមហាជន, ៨.ការបង្ហោះគោមរួមគ្នា៥០០គោម, ៩.កីឡាគុនខ្មែរ និង ១០.កីឡាសម្ដែង ប៉ារ៉ាម៉ូទ័រ។ ជាមួយនេះកម្មវិធីបង្ហោះគោមនៅពេលរាត្រីនិងកម្មវិធីកម្សាន្តជាច្រើនផ្សេងៗទៀត៕
ដោយ៖មុនី
រូបភាព៖ផេកឯកឧត្តម វ៉ី សំណាង





