ប្រជាពលរដ្ឋប្រើប័ណ្ណ ប.ស.ស. ថែទាំសុខភាពនៅមន្ទីរពេទ្យ​ព្រះអង្គឌួង លើកឡើងថា មានប័ណ្ណ ប.ស.ស. គឺដូចជាមាន​ប័ណ្ណធានារ៉ាប់រងសុខភាព ពីរាជរដ្ឋាភិបាល

(ភ្នំពេញ)៖ បងប្អូនប្រជាពលរដ្ឋបានបង្ហាញពីទំនុកចិត្ត និងភាព​កក់​ក្តៅ ក្នុងការទទួលសេវាថែទាំសុខភាពនៅមន្ទីរពេទ្យ​ព្រះ​អង្គ​ឌួង ដោយប្រើប័ណ្ណ បេឡាជាតិសន្តិសុខសង្គម ឬ ហៅថា ប.ស.ស. ដោយសារក្រុមគ្រូពេទ្យមិនមានការរើសអើង ហើយ​យកចិត្តទុកដាក់ក្នុងការពិនិត្យ ព្យាបាលចំពោះអ្នកជំងឺប្រកប​ដោយ​វិជ្ជាជីវៈ និងក្រមសីលធម៌ ។

លោកស្រី សយ សុភាស់ សមាជិក ប.ស.ស. បានលើកឡើង​ថា នៅពេលដែលលោកស្រី និងក្រុមគ្រួសារ បានមកទទួល​សេវា​ថែទាំ​និងពិនិត្យសុខភាពនៅមន្ទីរពេទ្យព្រះអង្គឌួង ពិត​ជាសប្បាយចិត្តនិងពេញចិត្តជាខ្លាំង ដោយសារក្រុមគ្រូពេទ្យ​បាន​យកចិត្តទុកដាក់ក្នុងការព្យាបាល ដោយមិនមានការ​រើសអើង ឬបែងចែកចំពោះអ្នកជំងឺប្រភេទអ្វីនោះទេ។ លោកស្រីបន្តថា ពេលដែលបានប្រើប្រាស់ប័ណ្ណ ប.ស.ស. គឺបានជួយសម្រាលលើបន្ទុកចំណាយបានច្រើនណាស់នៅពេលគាត់ឈឺត្រូវទៅពេទ្យ ដែលនេះពិតជាបានលើកកម្ពស់​ជីវភាពពលរដ្ឋ កាត់បន្ថយភាពក្រីក្របានយ៉ាងច្រើន ។

ជាមួយគ្នានេះ លោកស្រី ជា ណៃអេន ជាសមាជិក ប.ស.ស. ក៏បានលើកឡើងផងដែរថា លោកស្រីមកពិនិត្យនិងព្យាបាល​សុខភាព នៅមន្ទីរពេទ្យព្រះអង្គឌួងនេះ ប្រសិនបើមិនមាន​ប្រើ​ប្រាស់ប័ណ្ណ ប.ស.ស. នោះទេ ម្លោះលោកស្រីប្រហែលជា ត្រូវចំណាយច្រើនលើថ្លៃសេវាព្យាបាល។ លោកស្រី បានបង្ហាញ​ការពេញចិត្តចំពោះការទៅទទួលសេវា និងបានលើកឡើងពីការ​ពិតថា ប័ណ្ណ ប.ស.ស. ពិតជាសំខាន់ខ្លាំងណាស់សម្រាប់​សម្រា​ប់​ពលរដ្ឋគ្រប់រូប ជាក់ស្ដែងគឺសម្រាប់ក្រុមគ្រួសាររបស់​លោក​ស្រី​ផ្ទាល់តែម្ដង ។

ជាមួយគ្នានេះ ពួកគាត់ក៏បានថ្លែងអំណរគុណដល់​ប្រមុខរាជ​រដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា និងស្ថាប័នពាក់ព័ន្ធ ដូចជាក្រសួងការងារ និង ក្រសួងសុខា​ភិ​បាល ដែលបានដាក់ចេញនូវគោលនយោបាយ​ថ្នាក់ជាតិ​ដ៏ល្អ​មួយនេះ ជួយធ្វើឱ្យប្រជាពលរដ្ឋកាត់បន្ថយចំណាយ ដែល​ជា​គន្លឹះក្នុងការពង្រឹងសេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់ផងដែរ។ បន្ថែមពីនេះបានផ្ដល់ការយកចិត្តទុកដាក់ ពិសេសគឺការផ្តល់​ការធានារ៉ាប់រងសុខភាពជូនប្រជាពលរដ្ឋ តាមរយៈការផ្តល់​ប័ណ្ណ ប.ស.ស. ។ ពួកគាត់ក៏បញ្ជាក់បន្ថែមថា មានប័ណ្ណ ប.ស.ស. គឺដូចជាមានប័ណ្ណធានារ៉ាប់រងសុខភាព ពីរាជរដ្ឋា​ភិបាលផងដែរ ។

លោក ម៉េង សុភក្ដី ប្រធានក្រុមភ្នាក់ងារមន្ទីរពេទ្យថ្នាក់ជាតិ នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៅមន្ទីរពេទ្យ​ព្រះអង្គឌួង បានលើកឡើងថា សម្រាប់ការមកទទួលសេវា​ពិនិត្យព្យាបាល ក៏ដូចជាការថែទាំសុខុមាលភាពផ្សេងៗរបស់​បងប្អូនប្រជាពលរដ្ឋដែលជាសមាជិក ប.ស.ស. ពីមួយថ្ងៃទៅ​មួយ​ថ្ងៃមានកំណើន ដោយចំនួនសមាជិក គឺកើនឡើងគួរឱ្យកត់​សម្គាល់ផងដែរ ហើយស្របជាមួយគ្នានេះដែរ ក្រុមការងារ ប.ស.ស. តែងតែយកចិត្តទុកដាក់ និងជួយសម្របសម្រួល​ដល់សមាជិក ប.ស.ស. ។

លោកបានបន្តថា គ្រប់ពលរដ្ឋដែលមកទទួលសេវាពិនិត្យ និង​ព្យាបាលជំងឺនៅទីនេះ គឺនឹងទទួលបានការផ្តល់សេវាដូចៗគ្នា ដោយមិនមានការបែងចែក ឬរើសអើង មិនថាអ្នកបង់ប្រាក់ ឬអ្នកដែលប្រើប្រាស់ប័ណ្ណ ប.ស.ស. គឺត្រូវបានក្រុមគ្រូពេទ្យ មើលថែយ៉ាងយកចិត្តទុកដាក់ខ្លាំងបំផុត ។

សូមបញ្ជាក់ឱ្យដឹងថា បើយោងតាមរបាយការណ៍របស់ ប.ស.ស. គ្រាន់តែដើមឆ្នាំ២០២៥ គិតចាប់ថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ មានសមាជិក ប.ស.ស. ចូលទៅប្រើប្រាស់សេវានៅតាមមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. សរុបប្រមាណជា ៩០៨ ៦០៨ ដង-នាក់ ក្នុងនោះសមាជិក ប.ស.ស. តាមរបបភាគទានជាកាតព្វកិច្ច​មានសរុបប្រមាណ ៧០៦ ៨០៦ ដង-នាក់ ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner