សមរាត្រីថ្ងៃទី២ នៅខេត្តសៀមរាប ទាក់ទាញអ្នកទស្សនាជាងបីម៉ឺន​នាក់,ខណៈថ្ងៃទី១ ជាងពីរម៉ឺននាក់

ភ្នំពេញ៖នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥នេះ ដែលជាថ្ងៃទីពីរនៃព្រឹត្តិការណ៍​សមរាត្រី ឬ ព្រះអាទិត្យរះចំកណ្ដាល​កំពូលប្រាសាទ ទាក់ទាញភ្ញៀវជាតិ អន្តរជាតិ​ទៅទស្សនាតាំងពីព្រឹកព្រលឹមចំនួនជាង៣៧ ០០០នាក់ ខណៈថ្ងៃទី១ កាលពីថ្ងៃ​ទី២១ ខែមីនា មានអ្នកទស្សនាជាងពីរម៉ឺននាក់ ។

សូមជម្រាបថា ព្រឹត្តិការណ៍សមរាត្រី នៅប្រាសាទអង្គរវត្តនឹងកើតទៅរយៈពេល​បីថ្ងៃចាប់ពីថ្ងៃទី២១ដល់ទី២៣ ខែមីនា ឆ្នាំ២០២៥ នាប្រាសាទអង្គរវត្ត។គឺជា​ព្រឹត្តិការណ៍ដ៏អស្ចារ្យសម្រាប់មនុស្សជាតិ។

នៅថ្ងៃទី២២ ខែមីនា ដែលជាថ្ងៃទី២នៃព្រឹត្តិការណ៍សមរាត្រីទាក់ទាញអ្នកទៅ​ទស្សនា​តាំងពីព្រឹកព្រលឹមចំនួនជាង៣៧ ០០៣នាក់ ។ក្នុងនោះភ្ញៀវជាតិចំនួន ៣៣ ៥០០ នាក់ និងទេសចរបរទេស ចំនួន៣ ៥០៣ នាក់។ដោយឡែកសម្រាប់​ថ្ងៃទី១ នៃព្រឹត្តិការណ៍សមរាត្រី ឬព្រះអាទិត្យរះចំកំពូល​ប្រាសាទអង្គរវត្ដនា​ព្រឹកថ្ងៃទី២១ ខែមីនា បានទាក់ទាញអ្នក​ទេសចរ​​ចម្រុះជាតិសាសន៍ទៅ​ទស្សនាប្រមាណជាង ២ម៉ឺននាក់ ក្នុងនេះភ្ញៀវទេសចរបរទេសជិត ៤ ០០០នាក់។

សូមជម្រាបថា សមរាត្រីប្រាសាទអង្គរវត្ត (Equinox Angkor) ជាបាតុភូត​ព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទ​អង្គរ។ព្រឹត្ដិការណ៍នេះ កើតឡើងចំនួន​២ដង ជារៀង​រាល់ឆ្នាំ គឺសមរាត្រីរដូវប្រាំង កើតឡើងនៅថ្ងៃទី២១ ខែមីនា និង​សមរាត្រីរដូវវស្សា កើតឡើងនៅថ្ងៃទី២២ ខែកញ្ញា។

អង្គរវត្ត គឺជាអច្ឆរិយវត្ថុដ៏ពិសិដ្ឋ មានរចនាប័ទ្មល្អឥតខ្ចោះ បង្កប់នូវឃ្លាំងពុទ្ធិ អាថ៌កំបាំងនៃគតិបណ្ឌិតដែលមិនចេះរីកស្ងួត ក្បួនច្បាប់វិទ្យាសាស្ត្រ តារាសាស្ត្រ ទស្សនវិជ្ជាខ្មែរ និងការត្រាស់ដឹង ចាក់ធ្លុះជ្រួតជ្រាបច្បាស់អំពីជម្រៅនៃច្បាប់​ធម្មជាតិ និងទំនាក់ទំនងនៃដំណើរគោរចនៃប្រព័ន្ធផែនដីនិងចក្រវាឡ ដែលមាន​ខ្លឹមសារនិងទស្សនៈអប់រំយ៉ាងជ្រាលជ្រៅមហិមា៕
ដោយ៖មុនី
រូបភាព៖មន្ទីរព័ត៌មានខេត្តសៀមរាប

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner