ខណៈបុណ្យទន្លេលើកទី៩ប្រារព្ធនៅខេត្តតាកែវ ,តើការប្រារព្ធបុណ្យទន្លេ ៨លើកមុននៅខេត្តណាខ្លះ?
ភ្នំពេញ៖ បុណ្យទន្លេលើកទី៩ឆ្នាំ២០២៥ បានប្រារព្ធនៅមាត់បឹងតាកែវ ក្រុងដូនកែវ ខេត្តតាកែវ ក្រោមប្រធានបទ “គុណតម្លៃ នៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ”។ពិធីប្រចាំឆ្នាំនេះបានប្រារព្ធរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៥ ។ការរៀបចំបុណ្យទន្លេ គឺដើម្បីលើកកម្ពស់តម្លៃនៃផលិតផលក្នុងស្រុក ជំរុញសេវាកម្មទេសចរណ៍ និងផ្សព្វផ្សាយតំបន់សក្តានុពលទេសចរណ៍នៅខេត្តជាប់ដងទន្លេក្នុងព្រះរាជាណាចក្រកម្ពុជា។
តើបុណ្យទន្លេចាប់ផ្តើមពីពេលណាមកនិងនៅខេត្តណាខ្លះ? ខាងក្រោមនេះគឺជាការកត់ត្រាដោយ AMS Apsara ៖
បុណ្យទន្លេបានចាប់ផ្តើមធ្វើជាលើកដំបូងនៅឆ្នាំ២០១៥ ។ការប្រារព្ធនេះតាមរយៈសំណើរបស់ក្រសួងទេសចរណ៍ ដែលកាលណោះឯកឧត្តម ថោង ខុន ជារដ្ឋមន្រ្តី និងរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រី្ត ។រាជរដ្ឋាភិបាលបានកំណត់យកបុណ្យទន្លេត្រូវធ្វើឡើងក្នុងសប្ដាហ៍ទី១ ឬសប្ដាហ៍ទី២ នៃខែមីនាជារៀងរាល់ឆ្នាំ។ រាជរដ្ឋាភិបាលក៏បានផ្ដល់សិទ្ធិឱ្យរដ្ឋមន្ត្រីក្រសួងទេសចរណ៍អាចចេញប្រកាសកំណត់លម្អិត រាល់វិធាន និងនីតិវិធីនៃការរៀបចំបុណ្យទន្លេ។
បុណ្យទន្លេលើកទី១ បានប្រារព្ធនៅខេត្តក្រចេះក្រោមប្រធានបទ «ទេសចរណ៍តាមដងទន្លេ សម្រាប់ការអភិវឌ្ឍសហគមន៍»ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៥ ។
បុណ្យទន្លេលើកទី២ ប្រារព្ធនៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ក្រោមប្រធានបទ «ទន្លេស្អាត សហគមន៍ល្អ និងការអភិវឌ្ឍទេសចរណ៍»ចាប់ថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦ ។
បុណ្យទន្លេលើកទី៣ ប្រារព្ធនៅខេត្តស្ទឹងត្រែងក្រោមប្រធានបទ «ទន្លេ៖ ផ្សារភ្ជាប់ប្រជាជន ទេសចរណ៍ វប្បធម៌ និងបរិស្ថាន » ចាប់ពីថ្ងៃទី២៤ ដល់ទី២៦ ខែមីនា ឆ្នាំ២០១៧ ។
បុណ្យទន្លេលើកទី៤ ប្រារព្ធនៅក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោមប្រធានបទ «ទន្លេនៃសន្តិភាព មិត្តភាព និងនិរន្តរភាពទេសចរណ៍»ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨។
បុណ្យទន្លេលើកទី៥ ប្រារព្ធនៅខេត្តកំពង់ឆ្នាំងក្រោមប្រធានបទ «ទន្លេ៖ ផ្សារភ្ជាប់សន្តិភាព ប្រជាជន និងទេសចរណ៍»ចាប់ពីថ្ងៃទី ១៥ ដល់១៧ ខែ មីនា ឆ្នាំ២០១៩។
បុណ្យទន្លេលើកទី៦ ប្រារព្ធនៅខេត្តបាត់ដំបង ក្រោមប្រធានបទ «ទន្លេនៃសន្តិភាព និងទន្លេនៃវិបុលភាព» ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ។
ដោយឡែកក្នុងឆ្នាំ២០២១ និងឆ្នាំ២០២២ បុណ្យទន្លេមិនត្រូវបានប្រារព្ធទេដោយសារវិបត្តិកូវីដ-១៩។
បន្ទាប់មកបុណ្យទន្លេលើកទី៧ បានប្រារព្ធឡើងវិញនៅខេត្តកំពង់ធំ ក្រោមប្រធានបទ «ទន្លេរបស់យើងដើម្បីបច្ចុប្បន្ន និងអនាគត» ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ។
រីឯបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាបក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ»ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤។
ចំណែកបុណ្យទន្លេលើកទី៩ឆ្នាំ២០២៥ ប្រារព្ធនៅខេត្តតាកែវ ពីថ្ងៃទី២១-២៣ ខែមីនាក្រោមប្រធានបទ” “គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ”។
គោលបំណងនៃការរៀបចំពិធីបុណ្យទន្លេ គឺដើម្បីជំរុញលើកតម្លៃ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តនានា តាមដងទន្លេ ជាពិសេស លើកទឹកចិត្តដល់ប្រជាជន នៅតាមបណ្តាខេត្តទាំងនោះឱ្យចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍទីក្រុងជាប់ដងទន្លេ ការងារអភិវឌ្ឍទេសចរណ៍សហគមន៍៕
ដោយ៖មុនី



