អាមេរិក និង អ៊ីស្រាអែល ត្រៀមបើកកិច្ចចរចាកម្រិតខ្ពស់ស្តីពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់សប្តាហ៍ ក្រោយ
វ៉ាស៊ីនតោន ៖ មន្ត្រីអាមេរិក និង អ៊ីស្រាអែល នឹងធ្វើកិច្ចចរចាកម្រិតខ្ពស់ ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់នៅសេតវិមាន នាដើមសប្តាហ៍ក្រោយ។ នេះបើយោងតាមប្រភពសុំមិនបញ្ចេញឈ្មោះកាលពីថ្ងៃព្រហស្បតិ៍។
កិច្ចប្រជុំដែលបានគ្រោងទុកនេះ ធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតី លោក ដូណាល់ ត្រាំ បានផ្ញើសំបុត្រទៅកាន់មេដឹកនាំអ៊ីរ៉ង់នៅដើមខែនេះ ដោយលោក ត្រាំ បានព្រមានថា អ៊ីរ៉ង់មានជម្រើសធ្វើកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអាមេរិក ឬត្រូវប្រឈមមុខនឹងសកម្មភាពយោធា។
ប្រភពបានឲ្យដឹងទៀតថា គណៈប្រតិភូអ៊ីស្រាអែលដឹកនាំដោយរដ្ឋមន្ត្រីកិច្ចការយុទ្ធសាស្ត្រ លោក Ron Dermer និងទីប្រឹក្សាសន្តិសុខជាតិ លោក Tzachi Hanegbi នឹងជួបជាមួយទីប្រឹក្សាជាន់ខ្ពស់លោក ត្រាំ។
ក្រុមមន្ត្រីជាន់ខ្ពស់ទាំងពីរត្រូវបានរំពឹងថា នឹងពិភាក្សាអំពីសក្តានុពលសម្រាប់កិច្ចចរចានុយក្លេអ៊ែររវាងអាមេរិក និងអ៊ីរ៉ង់ រួមទាំងបញ្ហាក្នុងតំបន់ ដែលជាប់ពាក់ព័ន្ធនឹងទីក្រុងតេហេរ៉ង់។ បើតាមសារព័ត៌មាន Axios កិច្ចប្រជុំដែលបានគ្រោងទុកនេះ នឹងធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោន។
ចាប់តាំងពីការវិលត្រឡប់មកកាន់តំណែងក្នុងខែមករា លោក ត្រាំ បានស្តារឡើងវិញនូវយុទ្ធនាការដាក់ “សម្ពាធអតិបរិមា” ប្រឆប្រឆាំងអ៊ីរ៉ង់ ក្នុងគោលបំណងធ្វើឱ្យអ៊ីរ៉ង់ឯកោពីសេដ្ឋកិច្ចពិភពលោក និងកាត់ផ្តាច់ការនាំចេញប្រេងរបស់ពួកគេ ដើម្បីទប់ស្កាត់ទីក្រុងតេហេរ៉ង់ពីការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
