អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា នឹងចាក់បញ្ចាំងភាពយន្តឯកសារ “រឿងរ៉ាវរបស់ខ្ញុំ” នៅក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៤

(ភ្នំពេញ)៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ថា (អ.វ.ត.ក.) នៅក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៤ ដើម្បីចាក់បញ្ចាំងភាពយន្តឯកសារ “រឿងរ៉ាវរបស់ខ្ញុំ”។ ភាពយន្ដឯកសារនេះបានផលិតដោយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា សហការជាមួយ ប្រព័ន្ធផ្សព្វផ្សាយអប់រំកម្ពុជា (EBC)។

ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនារសៀលថ្ងៃសៅរ៍ ទី២២ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង២៖០០ ដល់ម៉ោង ៥៖០០ នៅក្នុងសាលសន្និសីទចតុមុខ។

បន្ទាប់ពីការបញ្ចាំងភាពយន្ដឯកសារ នឹងមានកម្មវិធី សំណួរ-ចម្លើយ ជាមួយលោកយាយលោកតាដែលជា តួអង្គនៅក្នុងភាពយន្ដនេះដោយផ្ទាល់ផងដែរ។ ពួកគាត់នឹងចែករំលែកបទពិសោធន៍ដែលបានឆ្លងកាត់ក្នុងសម័យខ្មែរក្រហម និងការចូលរួមផ្តល់សក្ខីកម្មនៅក្នុង អ.វ.ត.ក. ដើម្បីទាមទារយុត្តិធម៌សម្រាប់ពួកគាត់ និងប្រជាពលរដ្ឋខ្មែរដែលបានរងគ្រោះក្នុងរបបខ្មៅងងឹតនោះ។ លើសពីនេះ ក៏នឹងមានកម្មវិធី Peacxel ជុំវិញប្រធានបទ “ចក្ខុវិស័យរួមសម្រាប់អនាគតរបស់កម្ពុជា” ដែលជាគំនិតផ្តួចផ្តើមបែបសិល្បៈដើម្បីជំរុញឱ្យមានកិច្ចសន្ទនា និងការឆ្លុះបញ្ចាំងអំពីយុត្តិធម៌ ដែលបានត្រួសត្រាយជាមាគ៌ាមួយ ជាចក្ខុវិស័យអ្នកចូលរួមទាំងអស់សម្រាប់អនាគតកម្ពុជា។

ការបញ្ចាំងភាពយន្ដឯកសារនេះ នឹងមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នរាជរដ្ឋាភិបាល អគ្គរាជទូត រដ្ឋទូត អង្គការដៃគូ មន្រ្តីរាជការ និងសាមណៈនិស្សិត និស្សិត ប្រជាពលរដ្ឋប្រមាណ៧០០ អង្គ/នាក់។ សាធារណជនក៏អាចចូលរួមក្នុងកម្មវិធីនេះដោយសេរី និងឥតគិតថ្លៃផងដែរ។

អំពី “រឿងរ៉ាវរបស់ខ្ញុំ”
“រឿងរ៉ាវរបស់ខ្ញុំ” ជាភាពយន្ដឯកសារមាន ៦វគ្គ ដែលចងក្រងប្រវត្តរបស់ដើមបណ្ដឹងរដ្ឋប្បវេណីចំនួន ៩រូប ក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា ចាប់ពីការឡើងកាន់អំណាចរបស់ខ្មែរក្រហម រហូតដល់បទពិសោធន៍របស់ដើមបណ្តឹងរដ្ឋប្បវេណីនៅក្នុង អ.វ.ត.ក.។ ជនរងគ្រោះទាំងអស់នេះ ធ្លាប់បានផ្ដល់សក្ខីកម្មម្ដងរួចមកហើយនៅក្នុងសាលាក្ដីខ្មែរក្រហម ហើយនៅពេលនេះពួកគាត់មានភាពក្លាហាន មកអង្គុយពីមុខកាមេរ៉ា ដើម្បីថ្លែងសារជាថ្មីនូវរឿងរ៉ាវដែលគាត់បានជួបប្រទះ ដើម្បីចងក្រងទុកជាឯកសារ និងជាសក្ខីភាពដ៏សំខាន់ក្នុងការលើកកម្ពស់កិច្ចការយុត្តិធម៌ ការផ្សះផ្សា និងការចងចាំជាប្រវត្តិសាស្ត្រ។

“រឿងរ៉ាវរបស់ខ្ញុំ” ក៏ជាផ្នែកដ៏សំខាន់មួយរបស់សាលក្ដីខ្មែរក្រហម ក្នុងការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់ចំពោះកិច្ចការយុត្តិធម៌ ដែលមិនត្រឹមតែជាការទទួលស្គាល់នូវអំពើឃោរឃៅនៅក្នុងអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមូលដ្ឋានគ្រឹះសម្រាប់ការកសាងអនាគតរបស់ប្រទេសកម្ពុជាផងដែរ។ សក្ខីកម្មរបស់ជនរងគ្រោះ ជាមេរៀនប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់មនុស្សជំនាន់ក្រោយ ត្រូវចងចាំ និងរួមគ្នាបន្តថែរក្សាសន្តិភាពនាពេលបច្ចុប្បន្នដែលកម្ពុជាទទួលបានដោយលំបាក ៕

ដោយ ៖ ង៉ាន់ ទិត្ស

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner